(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយ តាមបណ្តាញព័ត៌មាន សង្គមរបស់គណនីហ្វេសបុកផេក ឈ្មោះ KHMER ដែលមានខ្លឹមសារថា៖ អស្ចារ្យមែន! ស្ងាត់ភ្ញៀវខាងកើត ចូលមកធ្វើផ្ទះបណ្តែត ទឹកពេញបឹងកំពង់លួង ខេត្តពោធិ៍សាត់…កម្ពុជាអើយតទៅមុខទៀត ទៅជាយ៉ាងណាទៅ។
ពាក់ព័ន្ធករណ៏នេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូម ជម្រាបជូនដល់ សាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មាន ទាំងអស់ឲ្យបានជ្រាបថា៖ ១. ឃុំកំពង់លួង ជាឃុំបណ្ដែតទឹក ដែលមានប្រជាពល រដ្ឋរស់នៅលើផ្ទៃទឹក ជាអចិន្ត្រៃយ៍ចំនួន៤ភូមិ មិន ថានៅរដូវទឹកឡើង ឬរដូវទឹកស្រក ដែលបានរស់នៅបែបនេះជាយូរណាស់មកហើយ និងក្លាយជា ទម្លាប់របស់ពួកគាត់។
២. នៅរដូវទឹកឡើងប្រជាពលរដ្ឋមានការរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និង ប្រឡាយ…..។
៣. នៅរដូវទឹកស្រក ប្រជាពលរដ្ឋបានផ្លាស់ទី ទៅរស់នៅផ្នែកខាង ក្រោមមានលក្ខណៈ ប្រមូលផ្តុំគ្នា ដែល មើលទៅឃើញ រូបភាពច្រើនកុះករ។
៤. ទន្ទឹមនឹងមានការបម្លាស់ ទីចុះឡើងតាម ស្ថានភាពទឹកឡើង ទឹកស្រកនោះ សេវាសាធារណៈក៏បាន ផ្លាស់ទៅតាម ពួកគាត់ដែរដូចជា សាលារៀនបណ្ដែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលា ទ្រទ្រង់ព្រះពុទ្ធសាសនា បណ្តែតទឹកជាដើម។
៥. ប្រជាពលរដ្ឋទាំងអស់ នេះមិនមានការកើនឡើង ដូចអ្វីដែលបណ្តាញសង្គម ហ្វេកប៊ុកផេកឈ្មោះ KHMER បានផ្សព្វផ្សាយនោះឡើយ អាជ្ញាធរ និងមន្ត្រីជំនាញបាន ធ្វើការគ្រប់គ្រងយ៉ាងម៉ត់ចត់ ស្របតាម ច្បាប់ និងលិខិតបទដ្ឋាននានា។
ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធទាំងស្រុង ចំពោះព័ត៌មានដែលបាន ចុះផ្សាយផ្ទុយ ពីការពិតជាក់ស្តែង ព្រមទាំងធ្វើឲ្យ ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ជាពិសេស ប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែ យកចិត្តទុកដាក់លើការ ការពារបូរណភាពទឹកដី ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។