(ខេត្តសៀមរាប)៖ អ្នកជំនាញអភិរក្សថ្ម របស់នាយកដ្ឋាន អភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុល ចម្រឹងបង្អួចចំនួន២ ដែលប្រឈមនិង ហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ ចម្រឹងបង្អួចទាំង២នោះ មួយនៅរួតព្រះពាន់ ផ្នែកខាងក្រៅនាទិសឦសាន បានបាក់ជាពីរកំណាត់ និងមួយទៀត នៅខ្លោងទ្វារចូល ខាងមុខប្រាសាទអង្គរ ចំណុចផ្លូវដំរីទិសខាងជើង ដែលបាក់ជាបួនកំណាត់ និងមានស្នាម ប្រេះដោយអន្លើ ថែមទាំងបែកមួយ ចំហៀងនៃសាច់ថ្ម របស់ចម្រឹងបង្អួច។
អ្នកជំនាញអភិរក្សថ្ម នៅប្រាសាទអង្គរវត្ត លោក សយ សុភារិន្ទ មានប្រសាសន៍ថា ក្រោយពីពិនិត្យឃើញថា ស្ថានភាពចម្រឹង បង្អួចទាំងនោះ មានសភាពទ្រុឌទ្រោមខ្លាំង និងមិនមានលំនឹង ក្រុមការងារក៏បានចាត់ វិធានការសង្គ្រោះបឋម ដោយចងក្រៀក ជាមួយនិងឈើទប់លំនឹង ជាបណ្តោះអាសន្នដើ ម្បីកុំឱ្យធ្លាក់ នៅមុនពេលជួសជុល។
លោក សយ សុភារិន្ទ បន្តថា ចម្រឹងបង្អួចទី១ ដែលនៅខ្លោងទ្វារចូល នៅចំណុចផ្លូវដំរីមាន គុណភាពល្អ គ្រាន់តែ បាក់មួយកំណាត់ផ្នែកគល់ ទាមទារការជួសជុល និងព្យាបាលតាម ដំណាក់ដូចជា សម្អាតស្ងួត សម្អាតសើម ដកជាតិអំបិល តភ្ជាប់ដោយដាក់ស្នូល និងបិតកាវភ្ជាប់សាច់ថ្ម បិតកំបោរបាយអ តាមមុខដំណរការពារដើម្បីកុំឱ្យជ្រាបទឹក និងបន្ថែមថ្មថ្មីតាម កន្លែងដែលបាត់សាច់ថ្ម ដើម្បីជួយទ្រតួចម្រឹង ទាំងមូលឡើងវិញ។
រីឯចម្រឹងបង្អួចទី២ ដែលយកមកពីផ្នែក ខាងក្រៅជ្រុងឦសាន នៃថែវទី២វិញ មានសភាពទ្រុឌទ្រោម និងចុះខ្សោយខ្លាំង ដោយសារតែ បាត់ថ្មមួយចំហៀង ធ្វើឱ្យក្រុមការងារព្យាយាម ជួសជុលពង្រឹង ព្យាបាលតភ្ជាប់ និងបន្ថែមថ្មថ្មីត្រង់កន្លែង ដែលបាត់ ដើម្បីឱ្យរឹងមាំនិងមាន លំនឹងដូចដើមឡើងវិញ។
ការខូចខាតចម្រឹងបង្អួចទាំង២ បណ្តាលមកពី អាយុកាលនៃថ្ម អាកាសធាតុ ក្ដៅ សើម ពិសេសសំណើម ដែលធ្វើឱ្យមាន ទឹកជ្រាបចូលតាមថ្នេរថ្ម ឬស្នាមប្រេះរបស់ថ្ម បណ្ដាលឱ្យថ្មឆាប់ពុកផុយ។ អ្ន
កជំនាញរូបនេះ សំណូមពរចំពោះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនា ប្រាសាទអង្គរវត្ត សូមចៀសវាង កុំចាប់តោងចម្រឹងបង្អួច ព្រោះចម្រឹងទាំងនោះមិនរឹងមាំទេ ដោយសារចម្រឹងបង្អួច មិនមែនជារចនាសម្ពន្ធ អាចទ្រទម្ងន់ឡើយ គឺវាគ្រាន់តែជា គ្រឿងលម្អប៉ុណ្ណោះ៕