(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួម ជាអធិបតីភាពក្នុង សន្និបាតប្រចាំឆ្នាំ២០២៣ នៃសហព័ន្ធសេវាអប់រំ នៅកម្ពុជា កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ និងមានការអញ្ជើញចូល រួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា។ ក្នុងឱកាសនោះ ក៏មានការប្រគល់ជូននូវបណ្ណ សរសើរគ្រូឆ្នើម ប្រចាំឆ្នាំ២០២៣ នៃ សហព័ន្ធសេវា អប់រំនៅកម្ពុជា។
សន្និបាតបូកសរុបការងារឆ្នាំ ២០២៣ នេះ នឹងផ្តល់ឱកាសបន្ថែមទៀត ដើម្បីបានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា តាមរយៈការឆ្លុះបញ្ចាំង ពីសមិទ្ធកម្ម នៃការវិនិយោគ ដែលយើងបាន ខិតខំប្រឹងប្រែងនាពេលកន្លងមក ក៏ដូចជា ដើម្បីដកស្រង់នូវឧត្ត មានុវត្តន៍សម្រាប់ជាមូលដ្ឋាន ក្នុងការដោះស្រាយ បញ្ហាប្រឈមនានា និងបង្កើតនូវកាលា នុវត្តភាពថ្មីៗ ជាពិសេសកំណត់ទិស ដៅជាអាទិភាព ក្នុងការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស ឱ្យស្របតាមផែនការ យុទ្ធសាស្ត្រវិស័យអប់រំ យុទ្ធសាស្ត្រកំណែ ទម្រង់វិស័យអប់រំ និងបរិវត្តកម្មអប់រំឌីជីថល។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងខិតខំធ្វើ កំណែទម្រង់ការ អប់រំនៅកម្រិតសាលារៀន ដើម្បីឆ្ពោះទៅលើកកម្ពស់ លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងឆ្លើយ តបនឹងវិធានការគន្លឹះ៤ ដែលបានដាក់ចេញ ដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា រួមមាន៖ (១). អភិបាលកិច្ចសាលារៀន (២). សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌ (៣). សុខភាពសិក្សា និង(៤). ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីបញ្ញាសិប្បនិម្មិត (AI) ដែលជាបច្ចេកវិទ្យាមួយអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃ មានសមត្ថភាពរៀនគិត វិភាគ និងយល់ដឹងពី បញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំ តាមសមត្ថភាពខួរក្បាល របស់មនុស្ស។
បច្ចុប្បន្ននេះ AI ត្រូវបានគេយក មកប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃ សកម្មភាពសេដ្ឋកិច្ច-សង្គម ដូចជា វិស័យអប់រំ និងសេវាសាធារណៈផ្សេ ងៗជាច្រើនទៀត។ យើងសង្កេតឃើញថា កាលពីមុនអ្នកចេះដឹង គឺជាអ្នកដែលដឹងរឿងច្រើនជាងគេ ប៉ុន្តែបច្ចុប្បន្នយុវជន ត្រូវមានចំណេះដឹង និងសមត្ថភាពក្នុង ការវិនិច្ឆ័យ និងដោះស្រាយបញ្ហា ផ្សេងៗបានយ៉ាងឆាប់ រហ័សដោយប្រើប្រាស់បច្ចេកវិទ្យា។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានកោតសរសើរ និងលើកទឹកចិត្តឱ្យសហព័ន្ធសេវាអប់រំនៅកម្ពុជា និងសមាជិកទាំងអស់ បន្តចូលរួមអភិវឌ្ឍវិស័យ អប់រំជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាឱ្យកាន់តែសកម្មថែមទៀត តាមរយៈការបង្កើន ការវិនិយោគលើការ អប់រំឱ្យកាន់តែច្រើន ដើម្បីកសាងប្រព័ន្ធអប់រំ មួយដែលមានសមធម៌ គុណភាព ភាពធន់ ភាពឆ្លើយតប ទៅនឹងតម្រូវការ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា តំបន់ និងសកលលោក៕