(ខេត្តបាត់ដំបង)៖ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានឱ្យដឹងថា ពិរុទ្ធជនម្នាក់ ត្រូវជាប់ចោទពីបទ ជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំង នគរបាលស្រុកថ្មគោល ចុះស្រាវជ្រាវ រហូតឈានដល់ ការបង្រ្កាប និងឃាត់ខ្លួន តាមដីកាបង្គាប់ឱ្យ ចាប់របស់តុលាការ ។
ប្រភពដដែលបន្តថា កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ នៅចំណុចក្រុមទី០១ ភូមិ ហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែន ការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលជ្រៃ នៃអធិការដ្ឋាន នគរបាលស្រុកថ្មគោល ដឹកនាំដោយ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួនលេខ ៤៤៨ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ របស់លោក លោក ហៃ ណៃហេង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ សឿត សារិន ហៅវែង ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិអន្លង់រុនឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំនុច ភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាម បញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដី ពីការត្រួតពិនិត្យគ្រឿងញៀន។
បច្ចុប្បន្ន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ សមត្ថកិច្ចជំនាញបានបញ្ជូន ខ្លួនពិរុទ្ធជនខាងលើទៅ សាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕