(ភ្នំពេញ)៖ ជនសង្ស័យប្រុសស្រី០២នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឃាត់ខ្លួន កាលពីវេលាម៉ោង១៥ និង៤០នាទីថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៤ បន្ទាប់ពួកគេធ្វើ សកម្មភាពឆ្កឹះសោ ទ្វារផ្ទះចូលលួចយក ទ្រព្យសម្បត្តិ) ប្រជាពលរដ្ឋ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១និង៣៨នាទី ត្រង់ចំណុច ផ្ទះលេខ០៦D ផ្លូវបេតុង(បុរីចំការដូង) ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចែម ផល្លា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ០៦D ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យ ចំនួន០២នាក់ដែល ឃាត់ខ្លួនរួមមាន៖ ទី០១/ឈ្មោះ មាស ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងទី០២/ឈ្មោះ ភិន ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយឡែកសម្ភារៈបាត់បង់៖ ១/កុំព្យូទ័រ(LAPTOP)ម៉ាក TOKYO ពណ៍ប្រផេះ ចំនួន០១គ្រឿង ។ រីឯវត្ថុតាងចាប់យក៖ ០១/ម៉ូតូម៉ាកSUZUKI NEX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ១CZ-៣៣៤៥ លេខតួនិងលេខម៉ាសុីន៣០៨៤០៨ ទី០២ ទួរណឺវ៉ីស ដងជ័រពណ៍លឿង ចំនួន០១។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះឈ្មោះ ចែម ផល្លា ភេទប្រុស អាយុ៤៤ឆ្នាំ និងក្រុមគ្រួសារបាន នាំគ្នាចូលសំរាកនៅ បន្ទប់ជាន់ទី១ ផ្ទះលេខ០៦D ផ្លូវបេតុង (បុរីចំការដូង)ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានចាក់សោទ្វាររបង ប៉ុន្តែមិនបានចាក់សោរ ទ្វារកញ្ចក់ទេ។
ដល់វេលាម៉ោង០២និង១៥នាទី ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបានឮ សំឡេងឆ្កែព្រូសខ្លាំងពេក ក៏បានភ្ញាក់ឡើងស្រាប់ តែឃើញទ្វារផ្ទះចំហ រួចជនរងគ្រោះក៏ប្រញាប់ ចេញពីបន្ទប់ដើរមើលទ្រព្យ សម្បត្តិដែលនៅក្នុងផ្ទះ ស្រាប់តែបាត់កុំព្យូទ័រ (LAPTOP)ម៉ាកTOKYO ពណ៍ប្រផេះ ចំនួន០១គ្រឿង ដែលជនរងគ្រោះទុក នៅលើតុក្បែរទ្វារផ្ទះ។
បន្ទាប់មកជនរងគ្រោះ ក៏បានឆែកកាមេរ៉ាសុវត្ថិភាព របស់អ្នកជិតខាងមើលឃើញ ជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ស មិនស្គាល់សេរី មិនស្គាល់ស្លាកលេខ បានមកធ្វើសកម្មភាពឆ្កឹះសោទ្វាររបងផ្ទះរបស់ ជនរងគ្រោះចូលលួចយកកុំព្យូទ័រ (LAPTOP)ខាងលើ នៅវេលាម៉ោង០១និង៣៨នាទី ហើយជនរងគ្រោះក៍បាន មកប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោរាយការណ៍ ប្រាប់សមត្ថកិច្ចនិងដាក់ ពាក្យបណ្ដឹងដើម្បីឲ្យ សមត្ថកិច្ចជួយស្រាវជ្រាវ រកក្រុមជនសង្ស័យយក មកធ្វើការសាកសួរ តាមនីតិវិធីច្បាប់។
លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥និង៤០នាទីសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ រួមនិងវត្ថុតាងយកមកប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយ សារភាពថារូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព ឆ្កឹះសោទ្វាររបង ផ្ទះចូលលួចយកកុំព្យូទ័រ (LAPTOP) របស់ជនរងគ្រោះប្រាកដមែន ៕