(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា នៅវត្តសុវណ្ណមុនី ហៅវត្តសង្វាន ស្ថិតក្នុងភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា ក៏បាននាំយកបច្ច័យ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ចំនួន ២៥ ០០០ ០០០(ម្ភៃប្រាំលានរៀល) ប្រគេនដល់ព្រះចៅ អធិការវត្តសុវណ្ណមុនី សម្រាប់ចូលរួមក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងវត្តផងដែរ។
ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមុនី នាឱកាសនោះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង បានសម្តែងនូវការកោត សរសើរចំពោះព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែង កសាងនូវសមិទ្ធផលនានា ជាច្រើនបន្តបន្ទាប់ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ប្រារព្ធពិធីបុណ្យទានផ្សេងៗ តាមប្រពៃណីព្រះពុទ្ធសាសនា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ក៏បានថ្លែងអំណរគុណ ផងដែរចំពោះសប្បុរសជននានា ជាពិសេសសម្តេច ក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងលោកជំទាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានចូលរួមចំណែក និងសទ្ធាជ្រះថ្លា ក្នុងការកសាងសមិទ្ធផល នៅក្នុងទីវត្តសុវណ្ណមុនីនេះ។
បើតាមរបាយ ការណ៍របស់លោក ប៉ិច សុង អភិបាល នៃគណៈអភិបាល ស្រុកស្វាយអន្ទរ បានបញ្ជាក់ថា វត្តសុវណ្ណមុនី ហៅវត្តសង្វាននេះ ត្រូវបានកសាង ឡើងនៅឆ្នាំ២០០៣ ស្ថិតនៅក្នុងភូមិសង្វាន ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ដោយឡែកព្រះវិហារ និងក្លោងទ្វារវត្ត ត្រូវបានកសាងនៅឆ្នាំ២០១៤ ឧបត្ថម្ភថវិកាកសាង ដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងសប្បុរសជននានា ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តផងដែរ៕