សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាច់ណាត់ មិនឱ្យមានការវិនិយោគ ដាំកញ្ឆានៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា៖ កម្ពុជាមិនអនុញ្ញាតឲ្យ មានការវិនិយោគដាំ ដំណាំកញ្ឆានោះឡើយ ដោយសារកញ្ឆា នេះពាក់ព័ន្ធនឹងគ្រឿងញៀន។ បើតាមសម្តេចធិបតី នេះជាសារបញ្ជូនទៅ ដល់អ្នកដែលមានគម្រោង ស្នើសុំរាជរដ្ឋាភិបាល វិនិយោគដាំដំណាំកញ្ឆា ក្រោមហេតុផលបម្រើ ឲ្យវិស័យសុខាភិបាល ឲ្យបញ្ឈប់គម្រោងស្នើ សុំវិនិយោគជាបន្ទាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី «បិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងផ្សព្វផ្សាយ ផែនការយុទ្ធនាការ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩» នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖ ដរាបណាសម្តេចនៅ កាន់តំណែងជា នាយករដ្ឋមន្ត្រី សម្តេចមិនអនុញ្ញាត ឲ្យមានអាជ្ញាប័ណ្ណដាំដំណាំ កញ្ឆានៅកម្ពុជាដាច់ខាត ដោយសារកញ្ឆាជា ធាតុផ្សំម្យ៉ាងក្នុងការផលិតគ្រឿងញៀន។

សម្តេចថា ៖ សកម្មភាពនៃការ ប្រើប្រាស់គ្រឿងញៀន នៅកម្ពុជា កំពុងតែរីករាល ពីទីក្រុងទៅជនបទ ហើយអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន មានការកើនឡើង គួរឲ្យព្រួយបារម្ភ ដូច្នេះទាមទារឲ្យគ្រប់ ភាគីទាំងអស់ ទាំងវិស័យឯកជន និងរដ្ឋត្រូវចូលរួមទប់ ស្កាត់ឲ្យបានម៉ឹងម៉ាត់បំផុត ដោយសារបញ្ហានេះ គឺជាបញ្ហារួម ដែលបានកំពុង កើតឡើងនាពេល បច្ចុប្បន្ននៅកម្ពុជា ក៏ដូចជាពិភពលោក។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឧទាហរណ៍ករណី នៅក្នុងប្រទេសសិង្ហបុរី ដែលអ្នកជាប់ ពន្ធនាគារដោយសារ បញ្ហាគ្រឿងញៀន ជាង ៤០% គឺបានប្រើប្រាស់គ្រឿងញៀន តាំងពីក្រោមអាយុ ១៨ឆ្នាំ ហើយភាគច្រើនផ្តើម ចេញពីការជក់កញ្ឆា។

សម្តេចធិបតីបញ្ជាក់ថា កម្ពុជាគ្មានហេតុ ផលអ្វីនឹងអនុញ្ញាត ឲ្យមានអាជ្ញាបណ្ណដាំដំណាំ កញ្ឆានោះទេ ហើយកម្ពុជាក៏ មិនត្រូវការការវិនិយោគ ដាំកញ្ឆាលើផ្ទៃដីរាប់ម៉ឺនហិកតា ក្រោមលេសដើម្បី បម្រើឲ្យវិស័យសុខាភិបាលដែរ ព្រោះគ្មានចំណេញដល់ជាតិ និងប្រជាជនកម្ពុជាឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយបើរកឃើញ មានមន្រ្តីណា មានសារធាតុញាណក្នុងខ្លួន នឹងត្រូវបណ្តេញ ចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

វិធានការនេះ គឺជាការពង្រឹងប្រព័ន្ធការងារ និងកែលម្អមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដែលរួមចំណែកយ៉ាង សំខាន់ក្នុងការលុប បំបាត់បញ្ហាគ្រឿងញៀន នៅក្នុងប្រទេស ជំរុញភាពស្អាតស្អំ សន្តិសុខសង្គម សុខដុមរមនា និងការអភិវឌ្ឍនៅក្នុងសង្គម ធ្វើឱ្យប្រទេសយើងឈាន ទៅសម្រេចគោលដៅ ក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *