(ភ្នំពេញ)៖ គិតពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៤ ពោលគឺរយៈពេល ១សប្ដាហ៍សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសង សរុបចំនួន ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១៨៧នាក់ ក្នុងនោះបញ្ចូន ទៅតុលាការចំនួន១៣នាក់ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ១៧៤នាក់។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងរូបនេះ បញ្ជាក់បន្ថែមថា ក្រោមការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់នេះ សមត្ថកិច្ចជំនាញ នៃក្រសួងមហាផ្ទៃ បានអនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងចំនួន៤ករណី ដែលមានជនសង្ស័យ ចំនួន ១៣នាក់ បញ្ជូនទៅកាន់ តុលាការចាត់នីតិវិធីចោទ ប្រកាន់ផ្ដន្ទាទោស។
ក្រៅពីនេះចំនួន១៤៤ករណីទៀត ដែលមានអ្នកពាក់ព័ន្ធចំនួន១៧៤នាក់ មាន៖
-ខេត្តបាត់ដំបង ១៣៦ករណី
-ខេត្តកំពត ៥ករណី
-ខេត្តតាកែវ ១ករណី
-ខេត្តប៉ៃលិន ១ករណី
-ខេត្តត្បូងឃ្មុំ ១ករណី
នគរបាលក្រសួងមហាផ្ទៃ បានចាត់វិធានការរដ្ឋបាលពោលគឺ អប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្ម មិនឱ្យប្រព្រឹត្តតទៅទៀត។
លោក ទូច សុឃៈ (សុខៈ) លើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយភាពប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងមហា ផ្ទៃជាសេនាធិការ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី បានដឹកនាំ បញ្ជាឱ្យសមត្ថកិច្ច យកចិត្តទុកដាក់ ខ្ពស់ចំពោះទិសដៅអាទិភាពសំខាន់ៗ ជាពិសេសទិសដៅអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នេះក្នុងនោះក៏មាន ការបង្ក្រាបល្បែងស៊ី សងខុសច្បាប់នេះផងដែរ។
អនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាន នៃគោលការណ៍ដឹកនាំ ខាងលើនេះ អាជ្ញាធរដែនដីថ្នាក់ ក្រោមជាតិ សមត្ថកិច្ចនគរបាល ទាំងអគ្គស្នងការដ្ឋាន នគរបាលជាតិ ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានបន្តយកចិត្ត ទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្ម រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបានអនុវត្តតាមគោល នយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព៕