ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអ្នកគ្រប់គ្រង ធនាគារពិភពលោក ពេញចិត្តកិច្ច សហប្រតិបត្តិការ ទ្វេភាគីក្នុង ក្របខណ្ឌជា រួមនៅកម្ពុជា និងជាមួយក្រសួងមហាផ្ទៃ!

(ភ្នំពេញ)៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នកគ្រប់គ្រង ធនាគារពិភពលោក (WB) នៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការ ពេញចិត្តដូចៗគ្នាចំពោះ កិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌជារួមនៅកម្ពុជា និងដោយឡែកជា មួយក្រសួងមហាផ្ទៃ ក្នុងរយៈពេលជាង ៣ទស្សវត្សកន្លងមក។

នេះបើតាមលទ្ធផល នៃជំនួបរវាងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Maryam Salim អ្នកគ្រប់គ្រងរបស់ ធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណ ចំពោះការគាំទ្រ របស់ធនាគារ ពិភពលោកដល់កម្ពុជា លើគម្រោងអប់រំ សុខភាព និង អាហារូបត្ថម្ភ ផ្លូវថ្នល់ ការលើកកម្ពស់ជីវភាពរស់នៅ ការធ្វើពិពិធកម្មកសិកម្ម ការបែងចែកដី សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ការផ្គត់ផ្គង់ទឹក និងអនាម័យ ការគ្រប់គ្រងធនធាន ទឹកប្រកបដោយចីរភាព ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និងការផ្តល់សេវា កម្រិតសហគមន៍ ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកម្ពុជា រហូតទទួលបានផ្លែផ្កា ដូចពេលបច្ចុប្បន្ននេះ។

នាឱកាសនោះដែរ ទាំងឯកឧត្តម អភិសន្តិបណ្ឌិត និងលោកស្រី Maryam Salim ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល របស់ព្រះរាជាណាចក្រកម្ពុជា និងធនាគារពិភពលោក ក្នុងគម្រោងមួយចំនួន ដែលក្នុងនោះមានការ ចូលរួមពីក្រសួងមហាផ្ទៃផងដែរ ដូចជា ៖ គម្រោងលើកកម្ពស់ជីវភាពប្រជាជន ក្រីក្រដែលទើបបញ្ចប់ នាពេលថ្មីៗនេះ, ការងារគណនេយ្យភាពសង្គម គម្រោងអាហារូបត្ថម្ភ  ព្រមទាំងគម្រោង ធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកផងដែរ។

លោកស្រី Maryam Salim បានជម្រាបជូន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នូវការកោតសរសើរឥត ឈប់ឈរពីសំណាក់ WB ចំពោះការដឹកនាំ របស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងគម្រោង ទាំងឡាយកន្លងមក។ ភាគីទាំងពីរ ក៏បានអបអរសាទរ នូវវឌ្ឍនភាព និងលទ្ធផលប្រកប ដោយផ្លែផ្កា ព្រមទាំងរំពឹងទុកថាកិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបន្តផ្តល់លទ្ធផលប្រសើរជាងនេះ នាពេលខាងមុខបន្តទៀត។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី ក៏បានពិភាក្សាផ្លាស់ប្តូរ យោបល់គ្នាអំពីការពិនិត្យ លទ្ធភាពផ្តួចផ្តើមគំនិតថ្មីៗ ទៀតទៅលើវិធានការនានា ដែលនឹងផ្តល់ផល ប្រយោជន៏ដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិស័យអប់រំ វិស័យ សុខុមាលភាព កិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបន្តអនុវត្ត គម្រោងដែលនៅ សេសសល់ឱ្យបានចប់ សព្វគ្រប់តាមការគ្រោងទុក៕

អត្ថបទ ៖ រ៉េន រតនៈ  រូបភាព ៖ សាន់ ផានិត

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *