(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានបង្រ្កាបជនបរទេស ២នាក់ដែលបានផលិតមាតិកាវីដេអូ ក្នុងគោលបំណងញុះញង់ បំភ័ន្តមតិសាធារណជន អំពីបញ្ហាសន្តិសុខនៅ ព្រះរាជាណាចក្រកម្ពុជា។
នេះជាការរៀបចំ សេណារីយោថត ដែលមានចេតនា ទុច្ចរិតសុទ្ធសាធ របស់ជនបរទេស ទាំង២នេះ ក្នុងការមួលបង្កាច់នូវ អ្វីដែលជាស្ថានភាព ជាក់ស្តែងនៅ ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានភាព សុខសាន្តក្រោមម្លប់នៃសន្តិភាព។
នេះជាការលើក ឡើងរបស់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណ: នៅល្ងាចថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៤ ។
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណ: បានចាត់ទុកថា៖ ទង្វើទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរមក លើកិត្តិយស និងមុខមាត់របស់ ព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអត់ ឱនឱ្យបានឡើយ។ ខ្ញុំសង្ឃឹមថា នឹងមិនមានអំពើ បែបនេះកើតឡើង សារជាថ្មីម្តងទៀតនោះទេ។
លោករដ្ឋមន្ត្រី ថ្លែងថា៖ ខ្ញុំសូមគាំទ្រ ដល់រាជរដ្ឋាភិបាល ចំពោះវិធានការម៉ឺងម៉ាត់ ក្នុងការបង្រ្កាប បទល្មើសទាំងអស់នេះ ដើម្បីជាសារព្រមាន ដោយមិនអនុញ្ញាត ឱ្យមានអំពើទុច្ចរិតបែប នេះត្រូវបានប្រព្រឹត្ត នៅអនាគត មិនថាប្រព្រឹត្តដោយ ជនបរទេសពីប្រទេស ណាមួយនោះទេ។
ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវ ដល់ជនរួមជាតិ និងមិត្តភក្តិទាំងអស់ ចូលរួមទប់ស្កាត់ ការចែកចាយ និងផ្សព្វផ្សាយមាតិកា ដែលមានលក្ខណៈ បំភ្លៃការពិត និងមានចរិតញុះញង់ ឱ្យមានការយល់ច្រលំ មកលើសង្គមជាតិ របស់យើង ៕