ស្ទឹងត្រែងៈ ឯកឧត្តម យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ត ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិកាំងតេជោ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋជាច្រើននាក់។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម យឹម ផែន អភិបាលរងខេត្ត បានថ្លែងនៅការកោតសសើរ ដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នាពេលកន្លងមក។
ឯកឧត្តមបន្ត ថា÷ ការចូលរួមក្នុងពិធីបិតផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិកាំងតេជោ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង របស់ប្រជាពលរដ្ឋ នាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការគ្រប់គ្រងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាមួយអាជ្ញាធរខេត្ត អាជ្ញាក្រុង ឃុំសង្កាត់ ក្នុងការអនុវត្តន៍ទៅលើវិស័យដីធ្លី និង បញ្ចៀសការកើតមាននូវវិវាទដីធ្លី ជាដើម ។
ឯកឧត្តម យឹម ផែន អភិបាលរងខេត្ត បានជំរុញដល់ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ឲ្យបន្តខិតខំចុះបញ្ជីក្បាលដី លក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋតាម ក្រុង/ ស្រុក ឃុំ/សង្តាត់ នានា ក្នុងខេត្តស្ទឹងត្រែង និង ជំរុញដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ត្រូវធ្វើយ៉ាងឲ្យមានកិច្ចងាយស្រួលដល់ដំណើរការ កិច្ចការចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធត្រូវប្រតិបត្តិដោយកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន ជាមួយមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត និង ជាមួយប្រជាពលរដ្ឋ។ ហើយប្រជាពលរដ្ឋដែលមានដីស្រែ ដីចំការ ដីលំនៅដ្ឋាន និងផ្ទៃដីសាង់សង់ទាំងអស់ ដែលមានក្បាលដីស្ថិតក្នុងតំបន់វិច្ឆ័យចុះបញ្ជីដីជាលក្ខណះជាប្រព័ន្ធ ត្រូវចូលរួមសហការជាមួយមន្រ្តីជំនាញសូរិយោដីនៃក្រុមការងារដីធ្លី នៅក្បាលដីរបស់ខ្លួន។