(ភ្នំពេញ)៖ ដោយអនុវត្តតាមដីកា បង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលបានធ្វើការ នាំខ្លួនឈ្មញរកស៊ីទិញ លក់ដីម្នាក់បញ្ជូនទៅតុលាការ ដោយជាប់ពាក់ព័ន្ធពីបទឆបោក និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ។
ជនត្រូវចោទឈ្មោះ រីម ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ២៥៥ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទបានដាក់ឱ្យស្ថិត ក្រោមការពិនិត្យពីបទ ឆបោកនិងមិនបំពេញ កាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០ តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌនិងមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ អាចជួញដូរបាន និងប្រតិបត្កិការទូទាត់ សាច់ប្រាក់ ។
យល់ឃើញថា ជនត្រូវចោទឈ្មោះ រីម ភក្តី ត្រូវបានចោទប្រកាន់ពី បទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ហើយចៅក្រមស៊ើប សួរបានបង្គាប់ឱ្យចូលខ្លួន តែជនត្រូវចោទមិន បានចូលឆ្លើយ ដោះសាចំពោះការចោទប្រកាន់នោះទេ ថែមទាំងគេចខ្លួនបាត់ ។
ដោយយោងទៅលើ តំណាងអយ្យការបាន ឯកភាពឱ្យចេញដីកា បង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទឈ្មោះ រីម ភក្តី ដូច្នេះដើម្បីធានា សណ្តាប់ធ្នាប់សាធារណៈ ចៅក្រមស៊ើបសួរគប្បី ចេញដីកាបង្គាប់ឱ្យសមត្តកិច្ច ចាប់ខ្លួនឈ្មួញរកស៊ីទិញ លក់ដីខ្យល់រូបនេះ យកមកដាក់ពន្ធនាគារ ដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ៕