(ខេត្តកែប)៖ ក្នុងគោលបំណងពង្រឹងសមត្ថភាព ជូនដល់មន្ត្រីទទួលបន្ទុក ដើម្បីអនុវត្តផែនការ សកម្មភាព និងថវិកា ស្តីពី គោលនយោបាយ ភូមិឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងចេះរៀបចំរបាយការណ៍ លទ្ធផលការងារបាន គ្រប់ជ្រុងជ្រោយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ លេខាធិការដ្ឋាន ក្រុមប្រឹក្សា ប្រឡងប្រណាំង អនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៃរដ្ឋបាលខេត្តកែប បានរៀបចំវគ្គបណ្តុះបណ្តាល សៀវភៅណែនាំ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ តំណាងកងកម្លាំង មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ សរុប៦៤នាក់ ។
វគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ ប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ក្រោមអធិបតីភាព លោក ងិន ងិនដា អភិបាលរងខេត្ត ដោយក្នុងនោះគ្រូបង្គោលថ្នាក់ ខេត្ត ក្រុង និង ស្រុក បានលើកយកនូវបទបង្ហាញសំខាន់ៗចំនួន៤ រួមមាន ១-សេចក្តីផ្តើម គោលបំណង និងគោលដៅ សៀវភៅណែនាំ, ២-សកម្មភាពអាទិភាព និងសកម្មភាពលំអិត, ៣-យន្តការអនុវត្ត និងតួនាទីភារកិច្ច ៤-ការរៀបចំផែនការសកម្មភាព និងថវិកា និងទី៥-បទបង្ហាញអំពី ការត្រួតពិនិត្យ និងវាយតំលៃ ក្នុងនោះក៏មានការដាក់លំហាត់អនុវត្ត ការវាយតំលៃវគ្គ និងពិភាក្សាយ៉ាងផុសផុល។
ថ្លែងបិទវគ្គបណ្តុះបណ្តាល នាឱកាសនោះ លោក ងិន ងិនដា អភិបាលរងខេត្តកែប បាន គូសបញ្ជាក់ថា ផ្តើមចេញពីកត្តាសុខសន្តិភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មិនត្រឹមតែប្រជាពលរដ្ឋ រស់នៅប្រកបដោយ សុខសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជួយជំរុញ ឲ្យរដ្ឋបាលខេត្ត មានលទ្ធភាពគ្រប់ គ្រាន់ក្នុងការកៀរគរ ទាក់ទាញដៃគូរវិនិយោគស្របច្បាប់ គ្រប់ប្រភេទឲ្យចូលមកវិនិយោគ នៅក្នុងខេត្ត ដើម្បីបង្កើតមុខរបរ ជូនប្រជាពលរដ្ឋ បង្កើតតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-បរទេស ដែលបានកាត់បន្ថយការ ធ្វើចំណាកស្រុក របស់ប្រជាពលរដ្ឋ និងនាំមកនូវសក្តានុពលដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ។
ដូច្នេះ យើងទាំងអស់គ្នាត្រូវចូល រួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីខ្លួនឯង និងសង្គមជាតិទាំងមូល។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានណែនាំដល់មន្រ្តីទាំងអស់ សូមនាំយកចំណេះ ដឹងពីវគ្គបណ្តុះបណ្តាលនេះ ទៅ បណ្តុះបណ្តាលបន្ត ដល់មន្រ្តីក្រោមឱវាទ ក៍ដូជាប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសកំលាំងប្រជាការពារ ព្រោះពួកគាត់ ជាមនុស្សពិសេស ដែលចូលរួមអនុវត្ត គោលនយោបាយនេះ យ៉ាងសកម្ម និងមានប្រសិទ្ធភាពផងដែរ៕ ដោយលោក សេង ណារិទ្ធ