(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃពុធទី១៤ ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស បានអញ្ជើញ ក្នុងពិធីប្រកាស ចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិលោក អនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរង កងរាជអាវុធហត្ថក្រុ ងសិរីសោភ័ណ ជាវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោក វរសេនីយ៍ទោ យ៉ាន់ សុវណ្ណ ដែលត្រូវបានទទួលភារកិច្ចថ្មី ជាប្រធានមន្ទីរភស្ភុភា រ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។
ពិធីនេះក៏មាន ការអញ្ជើញចូលរួមពីលោក ស្រេង សុផល អភិបាល នៃគណៈអភិបាល ក្រុងសិរីសោភ័ណ លោក ជាម សុខ ប្រធានក្រុមប្រឹក្សា ក្រុងសិរីសោភ័ណ លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្នុងក្រុងសិរីសោភ័ណផងដែរ ពិធីនេះប្រារព្ធធ្វើឡើង នៅបញ្ជាការមូលដ្ឋាន ក្រុងសិរីសោភ័ណ។
បន្ទាប់ពីទទួលសេចក្ដីសម្រេច និងលិខិតតែងតាំងផ្ទេរភារកិច្ច លោកវរសេនីយ៍ត្រី សុខ ឡេង ក៏បានធ្វើការប្តេជ្ញាចិត្ត គោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោរព និងអនុវត្តឱ្យបាន នូវបទបញ្ជា វិន័យ សីលធម៌ របស់កង យោធពលខេមរភូមិន្ទ និងប្តេជ្ញាខិតខំ បំពេញតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួន ជាកងរាជអាវុធហត្ថ ឱ្យសមទៅតាម ទំនុកចិត្ត ដែលថ្នាក់ លើប្រគល់ជូន ប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ពង្រឹង និងរឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាព ផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់ បំផុតក្នុងការរួមចំណែក កសាងអង្គភាពឱ្យបាន រឹងមាំបន្ថែមទៀត។
ក្នុងឱកាសនោះ ដែរលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹក។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី បានដាក់ចេញនូវបទបញ្ជា ដល់គ្រប់មូលដ្ឋាន កងរាជអាវុធហត្ថទាំង៩ ក្រុង-ស្រុក បន្តចូលរួមចំណែក ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងស្រាវជ្រាវ បង្ក្រាបរាល់បទបទល្មើស ដែលកើតមានឡើង ក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋនូវក្នុង ឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា។
លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត ក៏បានសង្កត់ធ្ងន់ៗ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទាំងអស់ ត្រូវតែគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ច សហប្រតិបត្តិការល្អផងដែរ៕