(ភ្នំពេញ)៖ កម្លាំងនគរបាលជាតិ មិនដកដៃពីប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនឡើយ។ ក្នុងយៈពេល៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤ នេះទៀត កម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៣៣ករណី។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យ រងក្រសួងមហាផ្ទៃ។
បើតាមលោក ទូច សុឃៈ (សុខៈ) ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចដើម្បីសេចក្ដីសុខនិងភាពកក់ក្ដៅជូនប្រជាពលរដ្ឋនេះ កម្លាំងនគរបាលជាតិ ទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៩៤នាក់។
ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ គឺជាកិច្ចការអាទិភាពមួយ ក្នុចចង្កោមការងារ អាទិភាពចំនួន៦ ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដៅយកមកអនុវត្តចាប់ពីដើមនីតិកាលទី៧ ស្របតាមមរតក គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងគោលការណ៍ ដឹកនាំរបស់ សម្ដេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ឈរលើគោលការណ៍ មនុស្សគ្រប់រូបមានសិទ្ធិ និងទំនួលខុសត្រូវដូច គ្នាចំពោះមុខច្បាប់ និងជាពិសេសដោយ មានការដាក់ចេញគោលការណ៍ «សម្អាតផ្ទះយើង» ប្រកបដោយភាពម៉ឺងម៉ាត់ របស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអនុវត្តការធ្វើតេស្តរក សារធាតុញៀនលើមន្រ្តី នគរបាលជាតិ និងមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ រហូតឈានដល់ការ សម្រេចបណ្ដេញមន្រ្តីមួយ ចំនួនតូចចេញពីក្របខ័ណ្ឌ បន្ទាប់ពីរកឃើញថា បានប្រើប្រាស់គ្រឿងញៀន ! សម្អាតផ្ទះយើង៕