(ខេត្តសៀមរាប)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ មូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលជណ្ដើរ និងជញ្ជាំងផ្នែកខាងត្បូង របស់ប្រាសាទភ្នំបាខែងបន្ថែមទៀត បន្ទាប់ពីបានបញ្ចប់ ការជួសជុលរចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងកើត និងខាងជើងរួចរាល់មក។
ស្ថាបត្យករ និងជាអ្នកសម្របសម្រួល គម្រោងរបស់មូលនិធិ ប្រាសាទពិភពលោក អ្នកស្រី ជាម ផល្លី មានប្រសាសន៍ថា ការជួសជុល រចនាសម្ពន្ធជណ្តើរ និងជញ្ជាំងផ្នែកខាងត្បូង របស់ប្រាសាទភ្នំបាខែងនេះ សម្រេចបានចំនួន៥០%ហើយ ដែលគ្រោងនឹង បញ្ចប់នៅខែធ្នូ ឆ្នាំ២០២៧ខាងមុខ។
អ្នកស្រី ផល្លី ឱ្យដឹងទៀតថា ប្រាសាទភ្នំបាខែង មិនខុសពីប្រាសាទដទៃទៀតទេ គឺរងការខូចខាត ដោយសារកត្តាអាយុកាល ឫសឈើដុះចាក់ អាកាសធាតុ និងទឹកហូរច្រោះបណ្ដាល ឱ្យរចនាសម្ពន្ធប្រាសាទ ខូចខាត ទ្រេត និងរលំ។
ជណ្តើរខាងត្បូង និងជញ្ជាំងរួតផ្នែកខាងលិចនៅ ផ្នែកពាក់កណ្តាលពីរ៉ាមីត នៃប្រាសាទភ្នំបាខែង ក៏កំពុងតែក្រៀកថ្ម រលោះ និងហែកទាំងក្បាលជណ្តើរ កាំជណ្តើរ និងជញ្ជាំង។
ក្រុមបច្ចេកទេស កំពុងតែរុះរើជណ្តើរ រួចបុកបង្ហាប់ បន្ថែមគ្រឹះថ្មី ដើម្បីរៀបចំជួសជុលវាឡើងវិញ ចំណែកឯជញ្ជាំង ត្រូវពង្រឹងឱ្យរឹងមាំឱ្យស្របតាមធម្មនុញ្ញអង្គរ ដែលបានកំណត់ដោយ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។
ប្រាសាទភ្នំបាខែង កសាងឡើងពីការ កាត់ថ្មភ្នំធម្មជាតិ ធ្វើឱ្យទៅរាងពីរ៉ាមីត ដោយបន្ថែមថ្មបាយក្រៀម ថ្មភក់ ដី និងរូបចម្លាក់ផ្សេងៗ ដើម្បីកសាងជាប្រាសាទភ្នំ។
ប្រាសាទនេះ ស្ថិតនៅចំកណ្តាល ទីក្រុងយសោធរបុរៈ នាឆ្នាំ៩០៧ នៃគ្រឹស្តសករាជ ក្នុងរាជកាល ព្រះបាទយសោវរ្ម័នទី១ នៅចន្លោះប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត៕