ឃាត់ខ្លូនមនុស្ស០៣នាក់ពាក់ព័ន្ធនិងករណីឆបោកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានដីធ្លី!

BY:Mr SamNeang

ខេត្តរតនគីរី÷កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្រោមការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី លោក លាង អ៊ូ នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៤ បានចាប់ឃាត់ខ្លួន មេខ្លោង០៣នាក់ ក្នុងនោះមានអ្នកសារព័ត៌មានម្នាក់ ជាប់ពាក់ព័ន្ធនិងករណីឆបោកប្រាក់ពីពលរដ្ឋ ជាថ្នូរនឹងការទទួលបានដីធ្លី។

អធិការដ្ឋាននគរបាលស្រុកលំផាត់លោក ក្លល់  ថើង បានអោយដឹង ថា លោកបានអនុវត្តន៍ទៅតាមបទបញ្ជារបស់ព្រះរាជអាជ្ញា ព្រោះជនសង្ស័យទាំង៣នាក់នេះ ជាប់ពាក់ព័ន្ធករណីបំផុសបំផុលឲ្យប្រជាពលរដ្ឋផ្ដិតមេដៃចែកដីធ្លី ខណៈអាជ្ញាធរស្រុក ក្រុង ខេត្ត ពុំមិនបានដឹងនោះទេ។

លោកអធិការ បញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួនទី១/ ឈ្មោះ ណយ ចិន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកព័ត៌មានបំរើការឲ្យអង្កភាព សារព័ត៌មានក្រុងកម្ពុជា មានទីលំនៅបច្ចុប្បន្នភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។ទី២/ឈ្មោះ ឡុង ចិន្តា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅចំណុចអូររ៉ាហា ស្ថិតក្នុងភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។និងទី៣/ឈ្មោះ គឹម ប៊ុនហន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនចម្ការចេក ស្នាក់នៅភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ សម្រាប់ដំណើរដើមទងឈានដល់ការឃាត់ខ្លួនអ្នកទាំង០៣ខាងនោះគឺផ្តើម ចេញពី ការរៀបដីចែកជូនពលរដ្ឌ ក្រីក្រ លើសំណើរតាមរយះ  អង្គការកម្ពុជាដើម្បីយុត្តិធម៍ ដោយអោយ ឈ្មោះ ឡុង ចិន្តា និងឈ្មោះ កឹម ប៊ុនហន ដើរស្រង់ឈ្មោះ និងផ្តិតមេដៃរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតដី  ហើយតម្រូវឲ្យប្រជាពលរដ្ឋបង់លុយ សរុបជាទឹកប្រាក់ទាំងអស់ចំនួន៨០ម៉ឺនរៀល ជាមួយនឹងពាក្យសន្យាថា ក្នុងមួយគ្រួសារៗទទួលបានដីទំហំ២៥ mx៥០m និងដីចម្ការចំនួន៥ហិកតា។ ក្នុងករណី មិនបានដី គឺឈ្មោះ ណយ ចិន ជាអ្នកទទួលខុសត្រូវសងលុយវិញឲ្យប្រជាពលរដ្ឋ ដោយមិនឲ្យបាត់លុយមួយកាក់មួយសេននោះទេ។តាមចម្លើយសារភាពរបស់ឈ្មោះឡុង ចន្តា និងឈ្មោះ គឹម ប៊ុនហន បានរៀបរាប់ ស្រដៀងគ្នាថា ពួកគេបានធ្វើតាមបញ្ជារបស់ឈ្មោះណយ ចិន និងបានឲ្យប្រជាពលរដ្ឋផ្តិតមេដៃ និងបង់លុយមុនចំនួន២០ម៉ឺនរៀល ដោយស្រង់បានចំនួន២៩៩គ្រួសារស្មើ និង២៩៩នាក់ ប៉ុន្តែមិនទាន់បានទទួលលុយនោះទេ។ដោយកំណត់ ជាមួយពលរដ្ឌ យកថ្ងៃទី៦ កុម្ភះ ២០២៤ ជាថ្ងៃប្រមូលលុយនិងបានកំណត់យកផ្ទះ ឈ្មោះ ឡង ចិន្តា ផ្ទាល់តែម្តងជាថ្ងៃជុំគ្នា។

ក្នុងសកម្មភាពពចុះឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនដូចជា  ក្រដាស់ដែលមានបញ្ជីឈ្មោះ និងស្នាមមេដៃប្រជាពលរដ្ឋ ចំនួន៣៤សន្លឹក កាតប័ណ្ណព័ត៌មាន ១សន្លឹក ពាក្យស្នើសុំជួយអន្តរាគមន៍ ២សន្លឹក លិខិតបញ្ជាបេសកកម្ម ១សន្លឹក ក្រដាស់ឡូហ្គោអង្គការ ១សន្លឹក បង្កាន់ដៃទទួលពាក្យស្នើសុំប្រើប្រាស់ដីធ្លី ២សន្លឹក និងពាក្យស្នើសុំអាស្រ័យផលដីធ្លី ១សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលំផាត់រៀបចំសំណុំរឿងបញ្ជូនមកតុលាការខេត្តរតនគីរី នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *