(ខេត្តបាត់ដំបង)៖ ប្រជាពលរដ្ឋម្នាក់ ដែលមានមុខរបរធ្វើ ចំការបានរង របួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបែកខ្ទេច ប្រអប់ជើងទាំងសងខាង ខណៈដែលជនរងគ្រោះ ធ្វើដំណើរចូលទៅ ក្នុងចំការដើម្បី ជីកមើមរមៀត លក់ប្រចាំថ្ងៃ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បានបញ្ជាក់ថា នៅវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០២៤ នេះមានករណី ផ្ទុះគ្រាប់មីនមួយបាន កើតឡើងនៅចំណុចទយ ក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ គឺមានប្រជាពលរដ្ឋ ម្នាក់ឈ្មោះ ស៊ីម សុភាព ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅត្រង់ចំណុច កើតហេតុខាងលើ ដោយជនរងគ្រោះ បានធ្វើដំណើរចេញ ពីផ្ទះចូលទៅ ក្នុងចំការដើម្បី ជីកមើមរមៀតលក់ ដូចសព្វមួយដង។ ខណៈដែលជនរងគ្រោះ កំពុងដើរក៏បានជាន់ ទៅលើគ្រាប់មីនដែល នៅសេសសល់ ពីសម័យសង្គ្រាម ក៏បានផ្ទុះឡើង បណ្ដាលឲ្យជើងទាំង សងខាង បែកខ្ទេច។
ភ្លាមៗនោះដែរក្រោយ ពេលកើតហេតុគឺ ខាងកម្លាំងយោធា តាមខ្សែបន្ទាត់ព្រំដែន បានយករថយន្ត ជួយដឹកបញ្ជូន ជនរងគ្រោះទៅកាន់ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។ ដោយឡែកចំពោះ គ្រាប់មីនគឺក្រុមប្រឹក្សាឃុំ ដែលនៅទីនោះ បានបញ្ជាក់ថា គឺជាប្រភេទ មីន៦៩ សម្រាប់បង្កៃ កម្លាំងថ្មើរជើង៕