(ភ្នំពេញ)៖ នៅក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ បានសម្តែងការគាំទ្រ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នៃអាណត្តិទី៧នេះ ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅ រោងចក្រសហគ្រាស ឱ្យបានច្រើនបន្ថែមទៀត។
លោកយល់ឃើញថា នេះជាចំនុចល្អបំផុត ដែលរាជរដ្ឋាភិបាល បានគិតគូរមិនត្រឹម តែទៅលើការងារ របស់កម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ ស្ថានភាពជីវភាពនៃ ក្រុមគ្រួសារកម្មករ និយោជិតទៀតផង។
ជាក់ស្តែងដូចជា គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការបង្កើត ឲ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្នុងតំបន់ក្បែរ រោងចក្រសហគ្រាសនេះ គឺជាការសម្រួលដល់ កម្មករនិយោជិតដែ លមានកូនតូច អាចយកកូនទៅ ផ្ញើនៅទារកដ្ឋាន រឺមត្តេយ្យសិក្សានៅ ក្បែរកន្លែងធ្វើការងារ របស់ខ្លួនទៀតផង។
លោក ប៉ាវ ស៊ីណា លើកឡើងថា កន្លងមកកម្មករ និយោជិតដែលមានកូនតូច តែងសម្តែងការព្រួយ បារម្ភអំពីបញ្ហាសុខភាព សុវត្ថិភាព និងការមើលថែទាំកូនរបស់ខ្លួន នៅពេលកំពុងបំពេញការងារ។
ដូចនេះ ការដែលមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្នុងក្បែររោងចក្រ សហគ្រាស នឹងធ្វើឲ្យកម្មករនិយោជិត ដែលមានកូនតូច មានភាពកក់ក្តៅចិត្ត និងមានការផ្តោត អារម្មណ៍ទៅលើការងារ។
ក្នុងនាមជាប្រធាន សហជីពតំណាងកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ក៏ដូចជាកម្មករនិយោ ជិតដែលមានកូនតូចៗ ពិតជាចង់ឃើញការ មានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្បែររោងចក្រសហ គ្រាសបានឆាប់ ប៉ុន្តែលោកក៏គិតដែរថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ គឺត្រូវការពេលវេលា ទៅតាមដំណាក់កាល ដូចដែលរាជរដ្ឋាភិបាល បានកំណត់ការអនុវត្ត ក្នុងគោលនយោបាយ នៃអាណត្តិទី៧នេះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងនាពេលថ្មីៗ នេះដែរថា រាជរដ្ឋាភិបាលបាន គិតគូរជាជំហាន ដើម្បីជួយសម្រួលដល់ កម្មករ-កម្មការិនី ដែលមកធ្វើការ ជួបការលំបាកក្នុង ការថែទាំកូន ដោយខ្លះ អាចយកកូនទៅ ផ្ញើអ្នកជិតខាង ឬជួលអ្នកថែទាំ ដែលត្រូវចំណាយបន្ថែម និងបារម្ភពី សុវត្ថិភាពកូនផងនោះ។
ដូចនេះ ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រសហគ្រាស គឺជាការគិតគូរពី អត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង និងថែមទាំង សម្រួលបន្ទុកអាណា ព្យាបាលក្នុងការមើល ថែកូនៗបានមួយកម្រិត ក៏ដូចជាលើកកម្ពស់អត្រា ចូលសិក្សារបស់កុមារ ចាប់ពីកំរិតមត្តេយ្យផងដែរ។
ជាមួយគ្នា មត្តេយ្យសហគមន៍ គឺមិនមែនសម្រាប់តែ បងប្អូនកម្មករកម្មការិនី ប៉ុណ្ណោះទេ តែក៏សម្រាប់កូនចៅ ប្រជាពលរដ្ឋនៅក្នុង សហគមន៍នោះផងដែរ ដែលអាចយកកូន ចៅទៅដាក់នៅមត្តេយ្យ សហគមន៍នៅក្បែរ ផ្ទះរបស់ពួកគាត់។
គួរបញ្ជាក់ថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្បែរតំបន់រោងចក្រ គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងា រអាទិភាពទាំង ៤ចំនុច នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលត្រូវ អនុវត្តក្នុងរយៈពេលពីរឆ្នាំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែល មានរោងចក្រ។
យោងតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតជាស្ត្រី ដែលបានសម្រាលកូនមានចំនួន ៤១៩,០៤៤នាក់ និងសម្រាលកូនបានចំនួន ៤០៦,០១២នាក់។
ដោយឡែក គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនមានចំនួន ១០,០៦២នាក់ សម្រាលកូនបានចំនួន ៩,៦៨៥នាក់៕