(ប្រទេសថៃ)៖ សំឡេងគ្រាប់បាន លាន់ឮឡើងព្រមៗគ្នា ដែលជាស្នាដៃ របស់ក្រុមឧទ្ទាម ធ្វើឱ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់កម្លាំង យោធាថៃនិង កម្លាំងតម្រួត ចុះត្រួតពិនិត្យនិងបិទផ្លូវ ជាបណ្ដោះអាសន្នដោយ សារតែសំឡេងផ្ទុះនេះ ធ្វើឲ្យបង្គោល អគ្គិសនីចំនួន ១០ដើមត្រូវបានបាក់រលំ នៅលើដងផ្លូវនាភាគ ខាងត្បូងនៃប្រទេសថៃ។
យោងតាមការផ្សាយ របស់គេហទំព័រ THAI PBS បានសរសេរថា ហេតុការណ៍នេះបាន កើតឡើងនៅយប់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ តាមបណ្ដោយផ្លូវ មួយកន្លែងក្នុងស្រុកតាបៃ ខេត្តនរ៉ាធីវ៉ាត ប្រទេសថៃ ដោយមានក្រុម ឧទ្ទាមប្រមាណពី ៦ ទៅ ៧ នាក់ បានធ្វើសកម្មភាព ដាក់គ្រាប់មីនបង្កៃ ដែលអាចកំណត់ពេល វេលាបានចងផ្អោប ជាមួយនឹងបំពង់ ឧស្ម័នពន្លត់អគ្គីភ័យចំណុះ ២០គីឡូក្រាម ចំនួន២គ្រាប់ ដោយកំណត់ពេល វេលាឲ្យផ្ទុះព្រមៗគ្នា ដើម្បីបំបាក់បង្គោល អគ្គិសនីរហូត ដួលរលំចំនួន ១០ដើម។
គេហទំព័របានបន្តថា មិនត្រឹមតែប៉ុណ្ណោះ ក្រុមឧទ្ទាមនេះបានធ្វើ សកម្មភាពយកគ្រាប់ ប្រភេទដដែលទៅ ដាក់បំផ្ទុះ នៅខាងមុខហាង លក់មាសយីហោសែនចំរើន ដែលសមត្ថកិច្ចសន្និដ្ឋាន ថាពួកគេមានគោល បំណងចូលប្រមូលមាស នៅក្នុងហាងលក់មាស នេះស្របពេលដែល គ្រាប់ដែលដាក់ បំផ្ទុះនៅបង្គោលអគ្គិសនី ផ្ទុះឡើងប៉ុន្តែជា ចៃដន្យគ្រាប់ដែលផ្ទុះ នៅមាត់ទ្វារហាងលក់ មាសផ្ទុះខុសបច្ចេកទេស ធ្វើឲ្យពួកគេមិនអាច ចូលប្រមូលមាសបាន ទើបពួកគេគេច ខ្លួនបាត់អស់។
នៅព្រឹកថ្ងៃទី ២៣ នេះដែរកម្លាំងយោធាថៃ បានធ្វើការបិទ ផ្លូវជាបណ្ដោះអាសន្ន ដើម្បីឲ្យកម្លាំង ជំនាញចុះត្រួតពិនិត្យ ទីតាំងកើតហេតុ និងដើម្បីស្រាវជ្រាវ តាមបង្ក្រាបមុខសញ្ញា ក្រុមឧទ្ទាមនេះ ព្រោះរយៈកន្លង មកក្រុមនេះតែងតែ ដាក់គ្រាប់បំផ្ទុះតាម ដងផ្លូវទៅលើរថយន្ត របស់យោធាថៃនៅភាគ ខាងត្បូងនេះជាញឹកញាប់ ដោយសារតែ តំបន់នេះជាតំបន់ ព្រៃភ្នំនិងក្បែរព្រំដែន ប្រទេសភូមាផងដែរ៕