(ប្រទេសថៃ)៖ ប្រភពព័ត៌មានបានឱ្យដឹងថា វិធានការរឹតបន្តឹងព្រំដែន ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ សមត្ថកិច្ចថ្ងៃ ចាប់បានជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន១៣៩នាក់ ក្នុងនោះមានភាគច្រើនលើស លប់ជាជនជាតិមីយ៉ាន់ម៉ា ព្រមរឹបអូសវត្ថុតាង គ្រឿងញៀនជាង១ម៉ឺនគ្រាប់។
សមត្ថកិច្ចថៃចាប់ពលករឆ្លង ដែនខុសច្បាប់និងរឹប អូសបានគ្រឿងញៀន។
តាមសេចក្តីរាយការណ៍របស់ សារព័ត៌មានថៃ matichon នៅថ្ងៃទី២៩ខែមករា ឧត្តមសេនីយ៍ត្រី Atsadawut Panyarachun មេបញ្ជាការកងពលធំថ្មើរជើងលេខ៩ អះអាងថា លោកបានទទួលសេចក្តីរាយការណ៍ពីក្រុម អ្នកសារព័ត៌មានក្នុង មូលដ្ឋានដែលបានរាយការណ៍ថា មានការរត់ពន្ធពលករ បរទេសខុសច្បាប់ និងរត់ពន្ធគ្រឿងញៀននៅតំបន់ ព្រំដែនក្នុងភូមិសាស្ត្រ ស្រុកថងផាភូមិ ខេត្តកាន់ចាន់បូរីជាប់ ព្រំដែនមីយ៉ាន់ម៉ា។
ក្រោយទទួលបានព័ត៌មាន លោកក៏បញ្ជាឱ្យ មេបញ្ជាការរងដឹកនាំកម្លាំង ដោយសហការជាមួយ កងកម្លាំងមជ្ឈមណ្ឌល ប្រតិបត្តិការផ្លូវទឹក ប៉ូលិសល្បាតព្រំដែន និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានចេញល្បាតរួមគ្នា រហូតដល់អាចកំណត់មុខសញ្ញាបាន ពោលគឺឃើញមានមនុស្ស មួយក្រុមធំកំពុងរង់ចាំរថយន្ត ភីកអាប់ចំនួន៥គ្រឿងមកទទួល ទើបសមត្ថកិច្ចបង្ហាញ ខ្លួនដើម្បីធ្វើការឆែកឆេរ។
ពេលដឹងថាសមត្ថកិច្ច ភ្លាមៗនោះ ពួកគេក៏បាននាំគ្នាស្ទុះរត់ចូលទៅក្នុងព្រៃ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចលោមព័ទ្ធចាប់ខ្លួនបានសរុបទាំងអស់១៣៩នាក់ ក្នុងនោះចំនួន១១៨នាក់ជាជនជាតិមីយ៉ាន់ម៉ា រួមជាមួយនឹងវត្ថុតាងគ្រឿងញៀននិងរថយន្តចំនួន៥គ្រឿង។
យោងតាមការសាកសួរបឋមបានឱ្យដឹងថា ក្រុមពលករទាំងនោះបាន នាំគ្នាដើរឆ្លងដែនចូលតាម ច្រករបៀងមួយស្ថិតក្នុង ភូមិសាស្ត្រស្រុកស័ង្កឡាបូរី បន្ទាប់មកបានជិះទូកចូលមក ស្រុកថងផាភូមិមុនពេលត្រូវ សមត្ថកិច្ចចាប់ខ្លួន។ បន្ទាប់មកសមត្ថកិច្ចក៏បាននាំខ្លួន ពួកគេទៅកាន់អធិការដ្ឋាន នគរបាលស្រុកថងផាភូមិ ខេត្តកាន់ចាន់បូរី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕