(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចុះបង្ក្រាបKTVមួយកន្លែង និងឃាត់ខ្លួនបានជនសង្ស័យ ១៥នាក់ មានជនជាតិខ្មែរ ចិន ឥណ្ឌូនេស៊ី ហើយរឹបអូសគ្រឿងញៀន និងសម្ភារចំនួន ៣៥ប្រភេទ ត្រូវបានបញ្ជូនទៅកាន់ សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ជនសង្ស័យដែល ត្រូវបានឃាត់ខ្លួនចំនួន១៥នាក់ មានជនជាតិខ្មែរ ចំនួន១១នាក់ ជនជាតិចិន ចំនួន២នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន២នាក់ ដែលស្នាក់នៅក្នុង បូរី សានស៊ានហូ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួន ជនសង្ស័យ១៥នាក់លើ គឺកម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត មានផ្នែកនគរបាល ប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាល ព្រហ្មទ័ណ្ឌ បានចុះប្រតិបត្តិបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ បានចំនួន១៥នាក់ ក្នុងនោះមាន ជនជាតិឥណ្ឌូនេស៊ី២នាក់ ត្រូវបានកម្លាំងជំនាញ ត្រួតពិនិត្យ និងរឹបអូសបានវត្ថុតាងរួមមាន អាវុធខ្លីចំនួន១ដើម និងគ្រឿងញៀនព្រមទាំង សម្ភារៈប្រើប្រាស់គ្រឿងញៀន សរុបចំនួន៣៥មុខ ដែលបង្ក្រាបនៅទីតាំងKTV កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ក្នុងបូរី សានស៊ានហូរ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួន ជនសង្ស័យ១៥នាក់ និងវត្ថុតាងគ្រឿងញៀន រួមទាំង សម្ភារៈប្រើប្រាស់គ្រឿងញៀន និងអាវុធខ្លី ត្រូវបានយកមកសាកសួរ នៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត តាមចម្លើយសារភាព និងធ្វើតេស្តរកសារធាតុញៀន ក្នុងចំណោម១៥នាក់ មាន១នាក់អវិជ្ជមាន សារធាតុញៀន ហើយត្រូវបានកសាង សំណុំរឿងបញ្ជូនបន្តទៅ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕