(ភ្នំពេញ)៖ ក្នុងពិធីបិទវគ្គសុក្រឹត ការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជា ជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់កាតព្វកិច្ច ដល់កងកម្លាំង នគរបាលជាតិគ្រប់ថ្នាក់ និងមន្ត្រីដែលផ្ទេរពី ស្ថាប័នស៊ីវិលមកបម្រើការងារ ជានគរបាលជាតិ ដែលមិនធ្លាប់បាន ឆ្លងវគ្គបណ្ដុះបណ្ដាល ជំនាញនគរបាល ចាំបាច់ត្រូវឆ្លងកាត់ វគ្គបណ្ដុះបណ្ដាល ជំនាញនគរបាល បើទោះមាន ឋានន្តរស័ក្តិ និងមុខតំណែង កម្រិតណាក៏ដោយ។
ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា ការចូលរួមវគ្គ បណ្ដុះបណ្ដាលនេះ ជាការកសាង សមត្ថភាពវិជ្ជាជីវៈក្នុ ងនាមជានគរបាល ពេញលក្ខណៈសម្បត្តិ ស្របនឹងគោល នយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោ យសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងទៀតថា ក្នុងបរិបទនៃ យុគសម័យឌីជីថលនេះ កងកម្លាំងនគរបាលជាតិ ចាំបាច់ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្ម តាមរយៈការបណ្ដុះបណ្ដាល ដ៏ត្រឹមត្រូវ ប្រកបដោយគុណភាព ទាំងក្នុងក្របខ័ណ្ឌ ដឹកនាំបញ្ជា និងក្របខ័ណ្ឌ មន្ត្រីបច្ចេកទេស ស្របតាមការវិវឌ្ឍ របស់សង្គមជាតិ សភាពការណ៍ សន្តិសុខជាតិ និងអន្តរជាតិ ការវិវឌ្ឍផ្នែក បច្ចេកវិទ្យាឌីជីថល និងស្របតាមតម្រូវការ ជាក់ស្ដែងរបស់ អង្គភាពដែល ប្រើប្រាស់កងកម្លាំង។ ទន្ទឹមនេះ ក៏ត្រូវសិក្សាគិតដល់ ការបំពាក់សម្ភារៈ និងមធ្យោបាយគ្រប់ ប្រភេទក្នុងកិច្ចប្រតិបត្តិការ ដើម្បីប្រសិទ្ធភាពក្នុង ការអនុវត្តតួនាទីភារកិច្ច បម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ឱ្យបានល្អប្រសើរផងដែរ។
ទាក់ទងនឹងការ បណ្ដុះបណ្ដាល នេះទៀតសោត ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងគាំទ្រ និងលើកទឹកចិត្ត ដល់បណ្ឌិត្យសភា នគរបាលកម្ពុជា ក្នុងការបន្តខិតខំ ប្រឹងប្រែងអភិវឌ្ឍ បន្ថែមទៀត ទាំងផ្នែករឹងនិងផ្នែកទន់ ដើម្បីបន្តរក្សា បាននូវកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តពី គ្រប់ភាគីពាក់ព័ន្ធ ដោយផ្អែកលើផែនការ បទប្បញ្ញត្តិ គោលការណ៍ គុណតម្លៃ និងអភិក្រម ៥+១ គឺការផ្ដួចផ្ដើមគំនិត ការច្នៃប្រឌិត ការកែទម្រង់ នវានុវត្តន៍ នវកម្ម និងបូក ១ គឺការមើលឃើញ ចំណុចខ្វះខាត។ បន្ថែមលើនេះ បណ្ឌិត្យសភានគរបាលកម្ពុជា គប្បីត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីប្រែក្លាយទៅជាបណ្ឌិត្យសភាឌីជីថល និងគប្បីពិនិត្យឡើងវិញ គ្រប់មុខវិជ្ជាបង្រៀន កម្មវិធីសិក្សានានា ក្នុងរយៈពេល ២ឆ្នាំម្ដងយ៉ាងយូរ ក្នុងស្មារតីរត់ឱ្យទាន់ សភាពការណ៍ជាតិ និងអន្តរជាតិ។
ក្នុងពិធីបិទវគ្គសុក្រឹត ការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានក្រើន រំលឹកដល់សិក្ខាកាម និងសិស្សនគរបាល ជ័យលាភីទាំងអស់ គប្បីតាំងចិត្តថា ជាអ្នកបម្រើប្រជាពលរដ្ឋ រាល់គ្រប់សេវា និងធ្វើឱ្យប្រជាពលរដ្ឋ គោរពស្រឡាញ រត់មករកនគរបាល នៅពេលដែល មានតម្រូវការ ឬមានបញ្ហាណាមួយ។
លើសពីនេះ ត្រូវយកចំណេះដឹង និងជំនាញដែល ទទួលបានពីការ បណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងមានគុណតម្លៃ ប្រកបដោយក្រមសីល ធម៌វិជ្ជាជីវៈខ្ពស់ ដោយតម្កល់ ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។
តាមរបាយការណ៍ របស់បណ្ឌិត្យ សភានគរបាលកម្ពុជា ឱ្យដឹងថា មកដល់ពេលនេះ ថ្នាក់ដឹកនាំនគរបាល ដែលបាន ចូលរួមវគ្គបណ្ដុះបណ្ដាល ជំនាញនគរបាលរួចរាល់ ក្នុងវគ្គសុក្រឹតការ សរុបមានចំនួន ៤ជំនាន់ និងមាន សិក្ខាកាម ចំនួន ១០៥១នាក់ ក្នុងនោះនគរបាល ជានារីចំនួន ១១២នាក់។
ចំពោះជំនាន់ទី៥ ដែលនឹងចាប់ផ្ដើម បើកវគ្គបណ្ដុះបណ្ដាល នាពេលឆាប់ៗខាងមុខ នឹងមានសិក្ខាកាមប្រមាណ ៤០០នាក់។ បន្ទាប់ពីនេះក្រសួងមហាផ្ទៃ នឹងចាត់បញ្ជូន មន្ត្រីនគរបាលជាតិ ដែលពុំទាន់បានឆ្លង កាត់វគ្គជំនាញ នគរបាលនៅឡើយនោះ ឱ្យចូលរួមវគ្គបណ្ដុះ បណ្ដាលជំនាញនគរបាល ជាបន្តបន្ទាប់ទៀត៕