(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារអាណត្តិទី១ និងលើកទិសដៅការងារ បន្ត របស់គណៈកម្មាធិការ ជាតិប្រឆាំងទារុណកម្ម នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការ ក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរតាមការ កត់សម្គាល់ផ្ទាល់ខ្លួនថា គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពេញការងារបាន យ៉ាងល្អធំៗ ចំនួន ២ គួរឲ្យកត់សម្គាល់ រួមមាន ៖ ទី១. ការងារបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយ និងទី២. ការងារនីតិកម្ម និងជំនួយផ្នែកច្បាប់។
ទន្ទឹមនឹងការកត់សម្គាល់ជាវិជ្ជមាននេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយរាល់លិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញតួនាទីជាអ្នកគ្រប់គ្រងទីកន្លែងឃាត់ខ្លួន និងកន្លែងឃុំខ្លួនជន ដែលត្រូវបានដកហូតសេរីភាព។
ក្រៅពីនេះ បន្តចុះត្រួតពិនិត្យដើម្បី តាមដានឱ្យបានទៀងទាត់ នៅកន្លែងឃុំឃាំងនានា អំពីស្ថានភាពរស់នៅ របស់ជនដែលត្រូវបាន ដកហូតសេរីភាព ដែលនេះក៏ជាមធ្យោបាយ មួយដើម្បីពង្រឹងកិច្ចការពារ បង្ការ ទប់ស្កាត់ និងប្រឆាំង ទារុណកម្មផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៀតថា ក្នុងនោះគណៈកម្មាធិការ ប្រឆាំងទារុណកម្ម គប្បី បន្តផ្តល់អនុសាសន៍ ដល់ប្រតិបត្តិករក្រោម អាណាព្យាបាល ក្នុងការអង្កេត ស្រាវជ្រាវករណី សង្ស័យថា មានទារុណកម្ម និងការអង្កេតស្រាវជ្រាវ តាមផែនការកំណត់។ តែទោះយ៉ាងណា ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កាត់ធ្ងន់ថា រាល់តួអង្គអង្កេត ស្រាវជ្រាវករណីទារុណកម្ម ត្រូវស្គាល់តួនាទីភារកិច្ច ពិសេសសិទ្ធិអំណាច ពោល គឺព្រំដែនកំណត់ក្នុង ការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីចៀសវាងការ ប៉ះពាល់ដល់សិទ្ធិអំណាច របស់ភាគីដែលរង ការអង្កេតស្រាវជ្រាវ។
ដើម្បីជោគជ័យលើភារកិច្ច ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងលើក ទឹកចិត្តលើសកម្មភាព ផ្សព្វផ្សាយអប់រំ ឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត ដោយបន្តពង្រឹង និងពង្រីកកិច្ចសហការ និងចលនាឲ្យមានការ ចូលរួមយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអង្គភាពពាក់ព័ន្ធ នានារបស់អង្គការ សហប្រជាជាតិ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ នានាផងដែរ។
ក្នុងនាមរាជ រដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេសក៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងក្នុងនាមថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ទទូចដល់អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ បន្តគាំទ្រនិងចូលរួម ឱ្យបានសកម្មពេញ ទំហឹងបន្ថែមទៀត។
ជាថ្មីម្ដងទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម អង្គការជាតិ អន្តរជាតិ និងអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងការ ធ្វើទារុណកម្ម អំពើអមនុស្សធម៌ អំពើឃោរឃៅ ការធ្វើទុក្ខបុកម្នេញ បន្ថោកបន្ទាប និងការលើកស្ទួយក្រម សីលធម៌សង្គមជាដើម៕