ស្ទឹងត្រែងៈនៅសាលប្រជុំអាគាលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ មានរៀបចំកិច្ចប្រជុំស្តីកិច្ចសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ក្រោមអធិបតិភាព លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង និងលោក ហង់ កុង ប្រធានលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង។
ថ្លែងបើកកិច្ចប្រជុំ លោក ហង់ កុង ប្រធានលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាការពិនិត្យបញ្ជីឈ្មោះនិងការចុះបោះឆ្នោតត្រូវធ្វើជាប្រចាំជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ឆ្នាំដែលមិនមានការបោះឆ្នោតសកលគឺត្រូវពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា។ ដោយឡែកសម្រាប់ឆ្នាំដែលមានការបោះឆ្នោតសកល ការបោះឆ្នោតសកលគឺត្រូវពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត អាស្រ័យលើ គ ជ ប ជាអ្នកកំណត់ ហើយការកំណត់នេះក៏និងមានការប្រែប្រួលទាំងកាលបរិច្ឆេតនិងចំនួនពេលវេលាដែលត្រូវចុះឈ្មោះបោះឆ្នោត ប៉ុន្តែមិនឲ្យលើស៥០ថ្ងៃឡើយ។
លោកប្រធានលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានបន្តថាដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះដំណើរការទៅដោយរលូន យើងមានសកម្មភាពគាំទ្រមួយចំនួនទៀត ហើយលក្ខណ្ឌនៃការចុះឈ្មោះបោះឆ្នោតទៀតសោត ប្រជាពលរដ្ឋគឺត្រូវមានអាយុចាប់ពី១៨ ឆ្នាំគិតដល់ថ្ងៃផ្តល់សុពលភាព និងសម្រាប់ឆ្នាំដែលមានការបោះឆ្នោតសកល។ ដោយឡែកសម្រាប់ឆ្នាំដែលគ្មានការបោះឆ្នោតសកលប្រជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតមានអាយុចាប់១៨ឆ្នាំគិតដល់ថ្ងៃបោះតែម្តង។
នាឱកាសនេះលោក ហង់ កុង ក៏បានស្នើរសុំដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងអ្នកពាក់ព័ន្ធទាំងអស់ជួយជួយសម្របសម្រួល ផ្សព្វផ្សាយនិងជូនដំណឹងពាក់ព័ន្ធនានាពិសេសដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតទៅកាន់អាជ្ញាធរឃុំ/ស្រុកឲ្យបានដឹង ដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតដំណើរការទៅដោយរលូន។BY:Mr SAMNEANG