ស្ទឹងត្រែង៖លោកបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងលោកវរៈសេនីយទោ សៅ វុត្ថា នារសៀលថ្ងៃទី២៤សីហា២០២៣ត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងថ្មីពីមេបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងទៅជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកវរសេនីយ៍ត្រី សោម សាវី មកពីនាយការិយាល័យមនុស្សធ៌ម ទៅជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងវិញ ។
ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ស្ទឹងត្រែងបានធ្វើនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាពលោកឧត្តមសេនីយត្រី អៀង វាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មានប្រសាសន៍ថា ភាពជោគជ័យក្នុងការបំពេញការងារ គ្មានអ្វីបានមកដោយងាយៗនោះទេ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គា្ន ដូចនេះ កម្លាំងទាំងអស់ត្រូវអនុវត្តឱ្យបាន តបតាមប្រសាសន៍ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខា មេបញ្ចាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានលើកឡើងទិសស្លោកថា ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវ តែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប និងពាក្យមួយឃ្លាទៀត ជួយគិត ជួយធ្វើ រួមគ្នាទទួល ខុសត្រូវ។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទឱ្យប្រឹងប្រែង បំពេញការងារតាមភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងមានភាពទទួលខុសត្រូវ។ នេះបានសេចក្តីថា យើងជាអ្នកបម្រើប្រជាពលរដ្ឋ ហើយនៅពេលចុះបំពេញ ភារកិច្ច ត្រូវអនុវត្តតាមបទបញ្ជាឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ។
លោក វរសេនីយ៍ត្រី សោម សាវី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ទើបទទួលបានមុខតំណែងថ្មី បានទទួលយកការដាស់តឿននេះ ព្រោះមន្ត្រីបំពេញការងារល្អ សុទ្ធតែទទួលបានការលើកទឹកចិត្តនិងកោតសរសើរ ពីអគ្គមេបញ្ជាការ ដូចជាពេលនេះស្រាប់ ។
លោកបញ្ជាក់ថា បន្ទាប់តទៅ ក្នុងនាមជាមេបញ្ជាការក្រុង នឹងខិតខំរួមគ្នាបន្ថែមទៀតបំពេញការងារ ជូនអង្គភាព បង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នា អនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្តិភាពឱ្យកាន់តែប្រសើរឡើង និងបង្កើនការបង្ក្រាប បទល្មើសគ្រប់រូបភាព ដើម្បីនាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
BY:Mr SAMNEANG។