ស្ទឹងត្រែងៈនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែងនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរពាក់ព័ន្ធស្តីពីការបូកសរុបការងារប្រចាំត្រីមាស២ ឆ្នាំ២០២៣របស់អនុកម្មាការចំពោះកិច្ចសម្រាប់ការគាំទ្រស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនិងកម្មវិធីល្បាតតំបន់សៀមប៉ាង ក្នុងគោលបំណងពិនិត្យ ពិគ្រោះយោបល់ និងស្វែងរកដំណោះស្រោយចំពើបញ្ហាប្រឈមនានាលើការងារពាក់ព័ន្ធនិងការអភិរក្ស ការកាពារតំបន់ធនធានធម្មជាតិជីវៈចម្រុះ ព្រៃសហគមន៍ និងទិសដៅអនុវត្តការងាររបស់អង្គការដៃគូអភិវឌ្ឍន៍។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុកសៀមប៉ាង ដោយមានការចូលរួមពីសំណាក់ លោក អភិបាលស្រុក មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អង្គការរ៉ាយស៊ីនហ្វីនីក តំណាងសហគមន៍ និងអ្នកពាក់ព័ន្ធជាច្រើននាក់។
មានប្រសាសន៍ដឹកនាំកិច្ចប្រជុំលោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុកពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងជូនចំពោះថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ និងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ក្នុងស្រុកសៀមប៉ាងដែលជានិច្ចកាលឯកឧត្តម អភិបាលខេត្តតែងតែងគិតគួពីសុខទុក្ខរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គការដៃគួអភិវឌ្ឍន៍ទាំងអស់ប្រកបដោយក្តីនឹករលឹក។
លោក អភិបាលរងខេត្តបានលើកឡើងថាការការពារជីវៈចម្រុះ មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវផលប្រយោជន៍ ប្រព័ន្ធអេកូឡូស៊ីដល់ មនុស្សជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងទាមទាឲ្យមានការចូលរួមពីសំណាក់គ្រប់អ្នកពាក់ព័ន្ធទាំងអស់។លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អង្គការដៃគូអភិវឌ្ឍន៍ អជ្ញាធរស្រុកនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការការពារ អភិរក្សធនធានធម្មជាតិ ជីវៈចម្រុះនៅក្នុងស្រុកសៀមប៉ាង ព្រមទាំងបានបង្កើតមុខរបរដល់ប្រជាពលរដ្ឋនៅមូលដ្ឋានសំដៅធ្វើយ៉ាងណាកាត់បន្ថយការពឹងអាស្រ័យទាំងស្រុងលើធនធានព្រៃឈើនៅក្នុងតំបន់ការពារធនធានធម្មជាតិ។
ជាមួយគ្នានេះលោកអភិបាលរងខេត្តស្ទឹងត្រែងបានណែនាំដល់អង្គការដៃគូអភិវឌ្ឍន៍និងអាជ្ញាធរក្នុងមូលដ្ឋានត្រូវរួមសហការគ្នាដើម្បីធ្វើយ៉ាងណាចូលរួមឲ្យបានសហកម្មក្នុងការការពារធនធានធម្មជាតិ ជីវៈចំរុះ និងទប់ស្កាត់បទល្មើសនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។
យោងលើបទបង្ហាញរបស់អង្គការរ៉ាយស៊ីងហ្វូនីចនៅក្នុងអង្គប្រជុំបានបង្ហាញថាជាការគាំទ្រលើគម្រោងសង្គ្រោះសត្វព្រៃ ឬគម្រោងស្រូវត្រយ៉ងបច្ចុប្បន្ននេះប្រជាកសិករចំនួន១១៥១គ្រួសារមកពី១៦ ភូមិស្ថិតនៅក្នុងឃុំព្រែកមាស ឃុំសេកុង ឃុំស្រែសំបូ និងថ្មកែវ ស្រុកសៀមប៉ាងបានចូលរួមអនុវត្តគម្រោង។មិនតែប៉ុណ្ណោះក៏មានកសិករចំនួន៤៦៨គ្រួសារថ្មីបន្ថែមទៀតក៏បានចុះឈ្មោះចូលរួមក្នុងអនុវត្តគម្រោងស្រូវត្រយ៉ងនេះដែរ៕BY: Mr SAMNEANG