ស្ទឹងត្រែង៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំធំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ«គ្រូបង្រៀនយើង អនាគត់យើង ប្រទេសជាតិយើង» ដោយមានការចូលរួមពី អតីតៈប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង លោកគ្រូ អ្នកគ្រូនិងបុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។
បន្ទាប់ពីលោក ប៉ុក សារឿន អនុប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តស្ទឹងត្រែងបានអានរបាយការណ៍សង្ខេបស្តីពីវឌ្ឍនៈភាពគ្រូបង្រៀនរួចមក លោក ហ៊ាង បូលី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមានប្រសាសន៍សំណេះសំណាលទៅកាន់ ព្រឹទ្ធចារ្យ លោកគ្រូ អ្នកគ្រូ ថាការប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ០៥ តុលា ២០២២ នេះក្នុងគោលបំណងបង្ហាញពីការរំលឹកគុណគ្រូ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្រៀន និងផ្ទេរចំណេះដឹង ក្រោម គំនិត ផ្តួចផ្តើម ប្រកបដោយ គតិបណ្ឌិត របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពី ឆ្នាំ ១៩៩៧ មាន គោលបំណង បំផុស ឡើងវិញ នូវ វប្បធម៌ និង ប្រពៃណី នៃ ការរំលឹក គុណូបការៈ ដ៏ថ្លៃថ្លា របស់សិស្សចំពោះ គ្រូបង្រៀននៅទូទាំងប្រទេស ។
លោក បន្តថាលោកគ្រូ អ្នកគ្រូបង្រៀន បានខិតខំអំណត់ ព្យាយាម ក្នុងការបំពេញភារកិច្ច ជាអ្នក បណ្តុះបណ្តាលដើម្បីផ្ទេរចំណេះដឹងព្រមទាំងទូន្មានសិស្សានុសិស្សឱ្យធ្វើអំពើល្អស្គាល់ខុសត្រូវគោរពចាស់ទុំតាម គំនិតថ្មី នៃការអប់រំ គឺ រៀន ដើម្បី មានចំណេះដឹង រៀនដើម្បីមានចំណេះ ធ្វើរៀនដើម្បី មានសីលធម៌ ល្អ និង រៀន ដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម ។លោកថាគ្រូបង្រៀន បានរួម ចំណែក កសាង សិស្សានុសិស្ស ឱ្យក្លាយជាកូនល្អសិស្សល្អពលរដ្ឋល្អដែលជាកំលាំងចលករនៃការអភិវឌ្ឍសង្គមជាតិ ។