ស្ទឹងត្រែងៈឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៣០ គ្រួសារ នៅក្នុងភូមិ ស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ដែលជាសមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្ត នឹង លោក លោកស្រី ដែលជាថ្នាក់ដឹកនាំខេត្តជាច្រើនរូប ផងដែរ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា យោងតាមអនុសាសន៍ណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យសាខាត្រូវតែគិតគូរយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់រងទុក្ខវេទនា ដោយសារយើងមិនបានគិតគួរនោះឡើយ។ ជាក់ស្តែងដោយទទួលបានរបាយការណ៍ ពី អាជ្ញាធរសង្កាត់/ក្រុង និងមើលឃើញពីការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ ទើបថ្ងៃនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំផ្តល់អំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣០ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ.២៥ គីឡូក្រាម មី០១កេស ត្រីខ០១យួរ និងទឹកត្រី០១យួរ ទឹកសុទ្ធចំនួន ០២ យួរ នឹង ថវិកា ចំនួន ០៥ មុឺនរៀល ។
ឯកឧត្តមបន្តថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសកម្ពុជាបានរងឥទ្ធិពលខ្យល់ព្យុះទីហ្វុង ណូរុ(Noru) ដែលធ្វើឱ្យខេត្តជាច្រើន នៃប្រទេសកម្ពុជា រងគ្រោះដោយទឹកជំនន់។ ជាក់ស្ដែងខេត្តស្តឹងត្រែងយ ក៏ទទួលរងគ្រោះ ក្នុងពេលដ៏ខ្លីផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសូមផ្ដាំផ្ញើ នឹងអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងតូចៗ កុំឱ្យលេងទឹក និងត្រូវចេះថែរក្សាសុខភាព អនាម័យខ្លួនប្រាណ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាប្រចាំ និងចេះការពារជំងឺរាតត្បាតផ្សេងៗ ជាដើម៕KMK