ខេត្តស្ទឹងត្រែងៈបុគ្គលិកធ្វើការនៅក្នុងអគ្គិសនីខេត្តស្ទឹងត្រែងម្នាក់បានឆក់ចរន្តអគ្គិសនីស្លាប់ខណៈតភ្ជាប់បណ្តាញនៅលើបង្គោលភ្លើងនៅក្នុងថាឡាបរិវ៉ាត់។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ស្ថិតនៅចំណុចទួលអូររ ក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
តាមរបាយការណ៍ប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់ជ្រៃ បានអោយដឹងថា បុគ្គលិកអគ្គិសនីខាងលើឈ្មោះហូ យ៉ា ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មុខរបរ បុគ្គលិកអគ្គិសនី ស្ទឹងត្រែង បានឆក់ចរន្តអគ្គិសនីនៅលើបង្គោល អគ្គិសនីលេខ P២៣៤-២០៤ លើផ្លូវជាតិលេខ៩។
នៅក្នុងរបាយការណ៍បានអោយដឹងទៀតថាមុនពេលកើតហេតុឈ្មោះ ហូ យ៉ា បុគ្គលិកអគ្គិសនីបាន ឡើងទៅជួសជុលអគ្គិសនីនៅលើបង្គោលអគ្គិសនីលេខ P២៣៤-២០៤ ហើយបានឆក់នៅលើបង្គោលភ្លើងនោះ បន្ទាប់មកបុគ្គលិកអគ្គិសនីជាច្រើននាក់បានឡើង ទៅយកជនរងគ្រោះពីលើបង្គោលអគ្គិសនីយក ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង តែជាអកុសលជនរងគ្រោះបានផុតដង្ហើមទៅហើយ ។បច្ចុប្បន្នសពត្រូវបានបញ្ជូនទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ SAMNEANG