ឯកឧត្តម ស សុខា ចេញសារអបអរសាទរ ខួបអនុស្សាវរីយ៍លើក ទី៧៨ ថ្ងៃកំណើតនគរបាលជាតិ

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចេញសារតាម ផ្លូវការរបស់ខ្លួន អបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ក្នុងឱកាសខួប អនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ។

នៅក្នុងសាររបស់ឯកឧត្តម ស សុខា បានលើកឡើងអំពីប្រវត្តិ នៃការបង្កើតនគរបាលជាតិ យ៉ាងដូច្នេះថា ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ គឺជាថ្ងៃចាប់បដិសន្ធិ អង្គប្រតិបត្តិច្បាប់ ក្រោមស្នាព្រះហស្ត របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ត្រូវបានប្រសិទ្ធនាមថា “នគរបាលជាតិ” ដែលមានតួនាទីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ហើយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើត នគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៣)។

សារដដែលរបស់ឯកឧត្តម ស សុខា បានបន្តថា ក្នុងទិវាដ៏វិសេសវិសាល និងប្រកបដោយសិរីមង្គលនេះ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា សប្បាយរីករាយ និងគោរពស្ញប់ស្ញែងចំពោះ គុណូបការៈដ៏ធំធេង ដែលបុព្វបុរសជំនាន់មុន រួមទាំងនិវត្តន៍ជន នគរបាលជាតិគ្រប់ជំនាន់ បានតស៊ូប្រកបដោយ វីរភាពអង់អាចក្លាហាន បូជាសាច់ស្រស់ឈាម ស្រស់ មិនគិតពីសេចក្តីសុខ និងអាយុជីវិតរបស់ខ្លួន កសាងនូវសមិទ្ធផលស្នាដៃជាច្រើនរាប់មិនអស់ ដើម្បីបុព្វហេតុសន្តិសុខមាតុភូមិ ។

សកម្មភាពប្រកប ដោយឧត្តមគតិទាំងនោះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំង អំពីមនសិការស្នេហាជាតិ ដែលគំរូវីរភាពដ៏ឧត្តុង្គឧត្តមនេះ បានក្លាយជាមេរៀន ជាបទពិសោធន៍ បន្សល់ទុក ឲ្យកងកម្លាំងនគរបាលជាតិ ជំនាន់ក្រោយ បន្តយកទៅរៀនសូត្រ និងអនុវត្តតាម សំដៅលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងជាមូលដ្ឋានក្នុង ការអភិវឌ្ឍអង្គភាព និង សមត្ថភាពផ្ទាល់ខ្លួន។

 

ក្នុងនាមពលរដ្ឋខ្មែរមួយរូប ឯកឧត្តម ស សុខា បានសម្តែងនូវការគោរព កោតសរសើរចំពោះវីរភាព និងការលះបង់យ៉ាង ធំធេងប្រកបដោយស្មារតី ស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ កងកម្លាំងនគរបាលជាតិ រៀមច្បងគ្រប់ជំនាន់ ដែលបានធ្វើពលិកម្ម គ្រប់បែបយ៉ាងក្នុងការបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិ។

ឯកឧត្តម ស សុខា បានបន្តទៀតថា ឋិតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *