(ប្រទេសថៃ)៖ ក្រោយការបោះឆ្នោតជ្រើស តាំងអ្នកតំណាងរាស្ត្រ នៅប្រទេសថៃ និងដឹងលទ្ធផលថា គណបក្សឆ្ពោះទៅមុខ មូហ្វហ្វ័រវើត (Move Forward) ទទួលបានអាសនៈច្រើនជាងគេ។ គេគិតថាគណបក្សនេះ នឹងដើរកៀរគរគណបក្ស ដទៃទៀតដើម្បីត្រៀម បញ្ជូនបេក្ខភាពនាយករដ្ឋមន្ត្រី និងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ទៅឆ្លងការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា។
ឆ្លៀតនៅក្នុងឱកាសនេះ, សមាជិកព្រឹទ្ធសភា២ រូបចេញមុខប្រកាសថា ពួកខ្លួននឹងបោះឆ្នោត ប្រឆាំងនឹងបេក្ខភាព របស់គណបក្ស ឆ្ពោះទៅមុខ លោកភីថា លីមចារ៉ើនរ៉ាត់ (Pita Limjaroenrat)។ លទ្ធផលឆ្នោតនេះបង្ហាញថា៖
១- គណបក្សឆ្ពោះទៅមុខ មូហ្វហ្វ័រវើត (Move Forward) ទទួលបាន១៥១អាសនៈ។
២- គណបក្សភឿថៃ ទទួលបាន១៤១អាសនៈ។
៣- គណបក្សភូមិចៃថៃ ទទួលបាន៧១អាសនៈ។
៤- គណបក្សផាឡាំងប្រឆារ៉ាត់ ទទួលបាន៤០អាសនៈ។
៥- គណបក្សរួមថៃសាងជាតិ ទទួលបាន៤៦អាសនៈ។
សមាជិកព្រឹទ្ធសភា១រូប លោកចាដេត អ៊ីនសាវ៉ាង (Jadet Insawang) ថ្លែងថាលោកបានស្បថសច្ចាថាត្រូវតែការពាររដ្ឋធម្មនុញ្ញសព្វថ្ងៃនេះយ៉ាងប្ដូរផ្ដាច់។ មាត្រា៦ និងមាត្រា៥០នៃរដ្ឋធម្មនុញ្ញតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវតែការពាររបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។
លោកយល់ថាគណបក្ស ឆ្ពោះទៅមុខ មូហ្វហ្វ័រវើត និងលោកភីថា លីមចារ៉ើនរ៉ាត់ (Pita Limjaroenrat) ដែលជាបេក្ខជន នាយករដ្ឋមន្ត្រី ធ្លាប់ប្រកាសថាគាត់ នឹងពិនិត្យសើរើឡើង វិញត្រង់មាត្រា១១២ ដែលចែងអំពីការ ការពារព្រះមហាក្សត្រ។
ដូច្នេះ អ្នកណាចង់ពិនិត្យ សើរើចំណុចនេះមាន ន័យថាពួកគេចង់បង្អាប់ បង្អោនស្ថាប័នព្រះមហាក្សត្រ។ នេះជាទង្វើដែលមិ នអាចទទួលយកបានទេ។ ខាងលើនេះជាការប្រកាស របស់លោកព្រឹទ្ធសមាជិក ចាដេត អ៊ីនសាវ៉ាង (Jadet Insawang)។
មាត្រា១១២នៃរដ្ឋធម្មនុញ្ញ ចែងអំពីការប្រមាថព្រះចេស្ដា ព្រះមហាក្សត្រដែលជា ទោសព្រហ្មទណ្ឌ។ បើលោកភីថា លីមចារ៉ើនរ៉ាត់ (Pita Limjaroenrat) បញ្ជូនឈ្មោះរបស់គាត់ ដើម្បីស្នើសុំការអនុម័ត ពីរដ្ឋសភា និងព្រឹទ្ធសភា, លោកចាដេតថ្លែងថា លោកនឹងបោះឆ្នោតប្រឆាំង។ លោកត្រូវតែការពាររដ្ឋ ធម្មនុញ្ញ និងរក្សាពាក្យសម្បថជានិច្ច។ លោកដាក់ជាសំណួរ ថាតើរដ្ឋធម្មនុញ្ញបានធ្វើអ្វី ខុសចំពោះអ្នក? ហេតុអ្វីអ្នកចង់កែប្រែមាត្រា១១២ និងចង់បន្ធូរបន្ថយកម្រិតទោសនៃការប្រមាថព្រះមហាក្សត្រ?
ព្រឹទ្ធសភាម្នាក់ទៀត លោកគីធីសាក់ រតនាវ៉ារ៉ាហា (Kittisak Ratanawaraha) ក៏និយាយស្រដៀងនឹងលោកចាដេតផងដែរ។ លោកគីធីសាក់ថ្លែងថា បេក្ខជននាយករដ្ឋមន្ត្រីថៃ គួរណាស់ជាអ្នកគោរពជាតិ, សាសនា និងព្រះមហាក្សត្រ។ លោកថ្លែងថាមុននឹងបោះឆ្នោត គាំទ្របេក្ខជននាយករដ្ឋមន្ត្រី ណាម្នាក់, ព្រឹទ្ធសភានឹង ពិចារណាទៅលើអ្វីដែល ជាផលប៉ះពាល់ចំពោះជាតិ។
កាលពីពេលកន្លងមក, ព្រឹទ្ធសភាធ្លាប់បានបោះឆ្នោត ជាឯកច្ឆន្ទដើម្បីអនុម័ត សមាសភាពគណៈ រដ្ឋមន្ត្រីកាល ពីអាណត្តិមុន។ ទំនងជាសមាជិកព្រឹទ្ធ សភាទាំង២រូបចង់ដាស់ តឿនលោកភីថា លីមចារ៉ើនរ៉ាត់ (Pita Limjaroenrat) កុំទាន់ត្រេកអរខ្លាំងពេក។
លោកទាំង២រម្លឹកថា រហូតមកដល់ពេលនេះ, គណៈកម្មាធិការរៀបចំការ បោះឆ្នោតមិនទាន់ ពិនិត្យ មើលពាក្យបណ្ដឹង១ ដែលស្នើសុំឱ្យគណៈ កម្មាធិការនេះពិនិត្យថាតើ បេក្ខជននាយករដ្ឋមន្ត្រីរូបនេះមានគុណ វុឌ្ឍិគ្រប់គ្រាន់ដើម្បីកាន់ តំណែងជានាយក រដ្ឋមន្ត្រីដែរឬទេ៕