ស្ទឹងត្រែងៈ ដើម្បីចូលរួមលើកទឹកចិត្ដដល់កងទ័ពដែលឈរជើងនៅតាមព្រំដែនក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២២នេះឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា និង.ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលមានមូលដ្ឋាននៅ ខេត្តស្ទឹងត្រែង ។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា. បានមានប្រសាសន៍ថា នេះគឺជាប្រពៃណីដ៏ល្អមួយរវាងសមរភូមិក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ចែករំលែកផងដែរ ដែលក្រសួងសង្គមកិច្ច និង ក្រសួងបរិស្ថាន រួមជាមួយវិស័យឯកជន បានចងសម្ព័ន្ធមេត្រីភាព ជាមួយកងកម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី១។
ឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែល បានលះបង់ គ្រប់បែបយ៉ាង ដើម្បី ការពារបូរណៈភាពទឹកដី ឱ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាព ជូនប្រទេសជាតិ មាតុភូមិ។
សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា និង ក្រសួងបរិស្ថាន បានចងសម្ព័ន្ធភាពជាមួយបញ្ជាការដ្ឋានយោធភូមិ ភាគទី១ រួមជាមួយក្រុមហ៊ុន អាន ម៉ារឌីគ្រុប ដើម្បីលើកកម្ពស់វិស័យការពារជាតិ ឱ្យមានកិច្ច សហប្រតិបត្តិការជាមួយគ្នាល្អ ព្រមទាំងបានធ្វើការផ្គត់ផ្គង់ ឧបត្ថម្ភគាំទ្រ ក្នុងការកសាងទីតាំង អង្គភាពការពារសន្តិសុខ និងការពារទឹកដីឱ្យកាន់តែរ៉ឹងមាំថែមទៀត។