ស្ទឹងត្រែងៈអាវុធកែច្នៃនិងអន្ទាក់ដាក់សត្វព្រៃមានដូចជាកាំភ្លើងកែច្នៃ (ខ្យល់)៣១ដើម កាំភ្លើងកែច្នៃ (កាបិន) ៦៤ដើម ស្នាតេះ ៦១ដើម ក្បាលឆក់ ៧១គ្រឿង ខ្សែអន្ទាក់ ៣.៣២៧ខែ្ស ម៉ងដាក់ស្វា ២៦ត្បូង ដាយ ៦០ម៉ែត្រនិងអង្គប់ ៥៨ អង្គប់ត្រូវបានក្រសួងបរិស្ថានធ្វើយុទ្ធនាការដុតកំទេចចោលនាថ្ងៃទី២០កញ្ញា២០២២ស្ថិតនៅស្រុកសៀមបូក ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។
ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ៖យុទ្ធនាការនេះរៀបចំឡើងដើម្បីផ្សព្វផ្សាយជំរុញឲ្យពលរដ្ឋផ្លាស់ប្តូរឥរិយាបថ និងទម្លាប់របស់ពលរដ្ឋពីការបរបាញ់សត្វ ឱ្យមកប្រកបមុខរបរចិញ្ចឹមសត្វគោក្របី នឹង ចូលរួមអភិរក្សសត្វព្រៃ ព្រមទាំងឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការដាក់អន្ទាក់ ជាពិសេសពង្រឹងលើការអនុវត្តច្បាប់ និងពង្រឹងលើកិច្ចការទប់ស្កាត់ និងការការពារអភិរក្សធនធានធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាព ។
ឯកឧត្ដម សាយ សំអាល់ បន្តថា៖ វត្តមានអន្ទាក់ដែលមាននៅក្នុងព្រៃ គឺកើតឡើងដោយសារតែមានតម្រូវបរិភោគសត្វព្រៃ ទើបជំរុញឲ្យមានការកើនឡើងនូវការដាក់អន្ទាក់ និងបរបាញ់សត្វ។ ដោយនេះបញ្ហារួមមួយ ដែលក្រសួងបរិសា្ថន គិតគូរបង្ការ និង ទប់ស្កាត់ នូវសកម្មភាព ការដាក់អន្ទាក់យកសត្វព្រៃនៅតាមតំបន់ការពារធម្មជាតិដែលសំខាន់ៗ ដើម្បីកុំឲ្យមានការកើនឡើងនូវចំនួនការបាត់បង់សត្វដ៏កម្រជាបន្តទៀត។
ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញអង្គការដៃគូពាក់ព័ន្ធ និងក្រសួងពាក់ព័ន្ធ អាជ្ញាធរពាក់នឹងរួមគ្នាផ្សព្វផ្សាយអំពីផលប៉ះពាល់ និងអប់រំណែនាំអំពីកិច្ចការការពារសត្វព្រៃ និងធនធានធម្មជាតិ។ ជាមួយគ្នានេះក្រសួងនឹងជំរុញឲ្យសហគមន៍ នៅតាមតំបន់ធនធានធម្មជាតិពង្រឹងលើកិច្ចការពារ និងអភិរក្សដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តលេងនៅតាមតំបន់ធនធានធម្មជាតិ។ឡុង កាន់សំនៀង