ស្ទឹងត្រែងៈគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះបានបើកកិច្ចប្រជុំស្តីពីការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនិងអនុវត្តអោយមានប្រសិទ្ធភាពបំផុតលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់ស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់នាពេលថ្មីកន្លងមកនេះ។
នឹង ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពលើការការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមដឹកនាំរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តបានលើកឡើងថា អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅតាមក្រុង/ស្រុក នានាក្នុងខេត្តស្ទឹងត្រែង ពិសេស បង្រ្កាបទប់ស្កាត់ឲ្យបាននូវល្បែងសុីសងគ្រប់ប្រភេទ ។
ឯកឧត្តមក៏បានជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការជាមួយកងកម្លាំងប្រដាប់អាវុធ និងព្រះរាជអាជ្ញា ដេីម្បីចុះបង្ក្រាបភ្លាមៗការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពោលគឺ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតចាប់ពីពេលនេះតទៅ ពោលគឺ ត្រូវតែធ្វើឡើងឱ្យដូចភ្លៀងរលឹម។ឡុង កាន់សំនៀង