ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅក្នុងស្រុកថាឡាបរិវ៉ាត់ត្រូវសមត្ថកិច្ចចុះបង្ក្រាប!


ស្ទឹងត្រែងៈកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក នៅព្រឹកថ្ងៃទី១កុម្ភៈ២០២៣នេះ បានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតមួយកន្លែងដែលក្រុមឈ្មួញលបលួចបង្កើតអោយមានបទល្មើសនៅក្នុងដីចំការស្វាយចន្ទីមួយកន្លែងស្ថិតចំណុចវាលដេញក្នុងភូមិស្រឡៅឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។


នៅក្នុងសកម្មភាពចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃខុសច្បាប់ខាងលើលោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បានអោយដឹងថា ដោយមានការសម្របសម្រួលនិតិវិធីពីលោក នៅ យូណារិទ្ធ
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ស្ទឹងត្រែង កម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកនិងកម្លាំងកងរាជអាវុធហត្ថស្រុកបានឈានទៅបង្ក្រាបនិងដកហូតវត្ថុតាងមួយចំនួនមានដូចជា ឈើភ្ចឹកជាឈើប្រភេទលេខ១ សរុបមានចំនួន៩៤ដុំសន្លឹក ស្មើនឹង១មែត្រគូប៥២៦និងតាបឈូសចំនួន១ គ្រឿង។
សមត្ថកិច្ចបញ្ជាក់ថាម្ចាស់សិប្បកម្មកែច្នៃខុសច្បាប់នោះមានឈ្មោះ តែម កីម ភេទ ប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិស្វាយលើខេត្តសៀមរាប ហើយបានមកជួលដីចម្ការរបស់អ្នកស្រុកក្នុងតម្លៃ១០ម៉ឺនរៀលក្នុង១ខែដើម្បីធ្វើសិប្បកម្មខុសច្បាប់ទាំងនោះ។
ក្រោយការបង្ក្រាបកម្លាំងជំនាញបានធ្វើការដឹកជញ្ចូនវត្ថុតាងទាំងអស់ទៅរក្សាទុកក្នុងស្នាក់ការរដ្ឋបាលព្រៃឈើព្រះរកិល អន្លង់ជ្រៃ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់។SN 

You might like

Leave a Reply

Your email address will not be published. Required fields are marked *