(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានថ្លែងថា ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាការពារ សន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ ចលនាជ្រុលនិយម ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យវាមកបំផ្លាញសន្តិភាព បានឡើយ។
ថ្លែងក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើក ទី៧៤ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ជាសមិទ្ធផលដ៏វិសេស វិសាលដែលយើងសម្រេច បានមកយ៉ាងលំបាក តាមរយៈនយោបាយ ឈ្នះ ឈ្នះ ដោយឆ្លងកាត់ការតស៊ូ ការអត់ធ្មត់ និងការទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់។
សម្ដេចតេជោបានបន្ដថា ប៉ុន្តែសន្តិភាពនៅមានការ គំរាមកំហែងនៅឡើយ ពីសំណាក់ក្រុមជ្រុលនិយម មួយក្តាប់តូច ដែលព្យាយាមធ្វើឱ្យ សង្គមមានការបែកបាក់ ពោរពេញ ដោយកំហឹង ការភាន់ច្រឡំ និងភាពសម្អប់ សំដៅឈានទៅផ្ដួល រំលំរាជរដ្ឋាភិបាល តាមមធ្យោបាយ ហិង្សា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ។
សម្ដេចតេជោ ប្រធានគណបក្សប្រជាជន កម្ពុជាបានបញ្ជាក់ថា៖ “«ដូច្នេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ចលនា ជ្រុលនិយមឱ្យអស់ពីសង្គម កម្ពុជា មិនទុកឱ្យវាមកបំផ្លាញសន្តិភាពបានឡើយ”។ សម្ដេចតេជោបាន គូសបញ្ជាក់ទៀតថា ៖« ខ្ញុំក៏សូមយកឱកាសនេះ បញ្ជាក់ថែមទៀតថា ចំពោះជនទាំងឡាយ ដែលនៅតែបន្ត សកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន បើពុំដូច្នោះទេ អ្នកនឹងពុំអាចគេចផុត ពីសំណាញ់ច្បាប់បានឡើយ»៕