(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារនីតិសម្បទា អ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាស ដល់អ្នកញៀនគ្រឿងញៀន បានកែខ្លួនវិលត្រឡប់ មកធ្វើជាពលរដ្ឋល្អ។ បើតាមឯកឧត្តមអភិបន្តិបណ្ឌិត ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រ លើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ និងសង្គម ខណៈការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការ ជួញដូរគ្រឿងញៀន ក៏ត្រូវការភាគីពាក់ព័ន្ធ ចូលរួមដូចគ្នាដែរ ពោលគឺមិនអាចទុកជា កម្មសិទ្ធិផ្ដាច់មុខរបស់ អាជ្ញាធរមានសមត្ថកិច្ច ឬប្រទេសណាមួយឡើយ។
ប្រមុខក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឬសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា” ប្រារព្ធនៅអាកាសយានដ្ឋានបាត់ដំបង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ពីភាពចាំបាច់នៃការគាំទ្រ ក៏ត្រូវការការចូលរួមពីវិស័យឯកជន តាមរយៈការវិនិយោគ បង្កើតមជ្ឈមណ្ឌលស្ដារនីតិសម្បទា។ ឯកឧត្តម បានមានប្រសាសន៍ថា ភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរដ្ឋ ក៏ត្រូវតែគាំទ្រវិស័យឯកជនដូចគ្នាដែរ តាមរយៈការដាក់ចេញនូវនយោបាយ និងវិធានការ ដែលមានភាពប្រទាក់ក្រឡា ដូចជា៖ ការបញ្ចុះតម្លៃអគ្គិសនី តម្លៃផ្គត់ផ្គង់ទឹកស្អាត តម្លៃពន្ធពាក់ព័ន្ធ រួមទាំងតម្លៃផ្គត់ផ្គង់សំភារៈ គាំទ្រដល់ការងារស្ដារនីតិសម្បទាផ្សេងៗ ដែលមានប្រភពផ្គត់ផ្គង់មកពីវិស័យឯកជន។
ទន្ទឹមគ្នានិងការស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីអំពី ការប្ដេជ្ញាចិត្តប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់ ទាំងកម្រិតផ្ទៃក្នុងប្រទេស និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដ្បិតបញ្ហាគ្រឿងញៀន ជាបញ្ហាសាកល និងជាបញ្ហាដែលរីក សាយភាយមកកម្ពុជាពី បណ្ដាប្រទេសខាងក្រៅ។ ក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ឯកឧត្តម បានលើកឡើងពីភាព ចាំបាច់នៃកាក់អនុវត្តច្បាប់ ដោយគ្មានការលើកលែង ទន្ទឹមនឹងការអនុវត្តពាក្យស្លោក ៣កុំ ១រាយការណ៍ ព្រមទាំងការគាំទ្រដល់ ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅគ្រប់មូលដ្ឋាន។
ពាក់ព័ន្ធនឹងក្របខ័ណ្ឌអន្តរជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា កម្ពុជាក្រោមការ ដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយន្តការជាក់ស្ដែង បន្ថែមលើការប្ដេជ្ញាចិត្តដ៏មុះមត់ មានជាអាទិ៍ កិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសជាប់ ព្រំដែន ក្របខ័ណ្ឌអាស៊ាន កិច្ចសហប្រតិបត្តិការ ជាមួយនគរបាលអន្តរជាតិ ជាពិសេសក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ដោយភ្ជាប់ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនជា មួយនឹងការប្រយុទ្ធប្រឆាំង អំពើលាងសម្អាតប្រាក់ និងអំពើជួញដូរ អាវុធមហាប្រល័យទៀតផង។
ជាលទ្ធផល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកយកករណីដែល កម្លាំងមានសមត្ថកិច្ចកម្ពុជា បានបើកកិច្ចប្រតិបត្តិការ ដោយរួមបញ្ចូលការប្រើសត្វសុនខ ដើម្បីបង្ក្រាបគ្រឿងញៀន ជាច្រើនរយគីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាពេលកន្លងមក ការបង្ក្រាបទីតាំងកែច្នៃ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ព្រមទាំងការបង្ការ ទប់ស្កាត់ ការប៉ុនប៉ងនាំគ្រឿងញៀន ឆ្លងកាត់ព្រំដែនកម្ពុជាឆ្ពោះ ទៅកាន់ប្រទេសទី៣ ឬក្រៅតំបន់ ដែលកិច្ចការងារនេះ សុទ្ធតែជាការរួមចំណែកដើម្បី សុខកុមាលភាពមនុស្ស ជាតិលើពិភពលោក៕