(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវរទេះមួយខ្សែ ដើម្បីស្ថាបនាជាផ្លូវក្រាលល្បាយក្រួស ប្រវែង ១ ៥០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ផ្តើមពីចំណុចផ្លូវកូរ៉េវៀង (ចំនុចប្រណិត) តំបន់អង្គរ ចូលទៅកាន់ទីតាំងប្រាសាទ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅទស្សនាប្រាសាទបន្ទាយធំ។
ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីបច្ចេកទេសនៃក្រសួងទាំងពីរ ព្រមទាំងតំណាងគ្រឹះស្ថានអង្គរផងដែរ។
សូមជម្រាបជូនបន្ថែមថា ប្រាសាទបន្ទាយធំ ជាប្រាសាទលាក់ខ្លួននៅក្នុងព្រៃ សាងសង់នៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលមានទីតាំងស្ថិតនៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងមានចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ៕