(ខេត្តព្រះវិហា)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់ នៅបណ្តោះអាសន្នរបស់ បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀស ដោយស្ម័គ្រចិត្តមកកាន់ មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៍៥០០០ដើម ក្នុងខេត្តព្រះវិហារ ចំនួន ១,២៨២គ្រួសារ ស្មើនឹង ៣,៨៥០នាក់។
សម្តេចបវរធិបតី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តព្រះវិហារ ព្រមទាំងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្ត ទុកដាក់ជួយសម្រួល ដោះស្រាយទុក្ខលំបាក ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួន មកពីបណ្តាតំបន់ប្រឈម ហានិភ័យតាមបណ្តាលព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំខ្សាន្ត មកកាន់មណ្ឌលសុវត្ថិភាពនេះ។ នេះជាស្មារតីទទួលខុសត្រូវ និងបង្ការជាមុនចំពោះ សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។
សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាលមានកាតព្វ កិច្ចការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារ អធិបតេយ្យភាពជាតិ ដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិ មកដោះស្រាយបញ្ហា ព្រំដែនដោយសន្តិវិធី ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនឱ្យ បានចប់ជាស្ថាពរ ជូនប្រជាពលរដ្ឋខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕