(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្ត បានរៀបចំវគ្គចែករំលែកចំណេះដឹង ស្តីពី បច្ចេកទេសថតរូប ដែលផ្តោតសំខាន់ លើចំណុចសំខាន់ចំនួន៧ ដែលមាន៖ Composition, Actions, Expression, Perspective, Comparisons, Light, Color ជូនដល់មន្ត្រីការិយាល័យ ទូរទស្សន៍, ការិយាល័យAKP, ការិយាល័យវិទ្យុ នៃមន្ទីរព័ត៌មានខេត្តកែប និងមន្ត្រីព័ត៌មានរដ្ឋបាលសាលាខេត្ត។
វគ្គចែករំលែកនាពេលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងបាននិមន្តជា គ្រូឧទ្ទេសដោយ ព្រះតេជគុណ កេង សុថឺង ជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យបញ្ញាសាស្ត្រ ។
ព្រះតេជគុណ កេង សុថឺង មានសង្ឃដីការថា៖ ការថតរូប គឺជាជំនាញមួយ ដែលយើងទាំងអស់គ្នា ត្រូវតែយល់ដឹងពីបច្ចេកទេស ទិចនិច ដើម្បីអោយរូបមាន ភាពស្អាតល្អ មើលទៅទាក់ទាញអ្នកមើល អោយគេចាប់អារម្មណ៍ រូបថតរបស់យើង ដែលយើងថតបាន ហើយយកទៅផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម អាចធ្វើអោយមានភាពទាក់ទាញនឹងចំណាប់អារម្មដល់ខេត្តរបស់យើង ថ្នាក់ដឹកនាំរបស់យើង ហើយវាក៏អាចធ្វើអោយខេត្តរបស់យើងមានភាពល្បីល្បាញផងដែរ ព្រោះតែហេតុនេះទើប យើងចំបាច់ត្រូវមាន ការចែករំលែកនូវចំណេះដឹងថ្មីៗ បទពិសោធន៍ថ្មីៗ ដើម្បីពង្រឹងសមត្ថភាពរបស់យើង អោយយល់ដឹងកាន់តែ ច្បាស់អំពីការថតរូប នៅពេលនេះ។
ឯកឧត្តម សោម កុសល បានលើកឡើងដែរថា៖ វគ្គចែករំលែកនាពេលនេះ ពិតជាមានសារសំខាន់ មែនទែន សម្រាប់ជួយ អភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈរបស់មន្ត្រីស្នូលទាំង៣ ការិយាល័យនៃមន្ទីរព័ត៌មាន និងមន្ត្រីព័ត៌មាននៃ រដ្ឋបាលសាលាខេត្តកែប។
ក្នុងការចូលរួមជម្រុញដល់ ការផ្សព្វផ្សាយនូវសមិទ្ធផល ដែលសម្រេចបាននៅក្នុងខេត្ត អោយមានភាព ល្បីរន្ទីសុះសាយ និងទាក់ទាញ ភ្ញៀវទេសចរអោយចូល មកលេងកំសាន្តក្នុងខេត្តកែប របស់យើង អោយកាន់តែច្រើន តាមរយៈការបង្ហោះនៅ រូបភាពសមិទ្ធផលដែល មាននូវតាមតំបន់ទេសចរណ៍ នៅក្នុងខេត្តកែប។
ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន សង្ឃឹមថា សិក្ខាកាមទាំងអស់ និងទទួលបាននូវបទពិសោធន៍ ចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់អនុវត្តការងារ អោយចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕ សេង ណារិទ្ធ