(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ និងពិធីប្រគល់សេចក្តី សម្រេចតែងតាំង ប្រធានកិត្តិយស ប្រធានក្រុមប្រឹក្សា ប្រធាន-អនុប្រធាន និងសមាជិកថ្មីនៃ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលមកពីសាខាខេត្តសៀមរាប, រាជធានីភ្នំពេញ, និងសាខាខេត្តកំពត សរុបចំនួន ៣៨៤រូប ក្នុងនោះក៏មានសមាជិកចាស់ ព្រមទាំងថ្នាក់ដឹកនាំមកពីបណ្តាសមាគមកាយឫទ្ធិនារីកម្ពុជា ទាំង៧សាខាសរុបចំនួន ៧៩៦រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគម កាយឫទ្ធិនារីកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើង ក្នុងសាលសន្និសីទ បូកគោសាលាខេត្តកំពត។
ក្នុងឱកាសដ៏ថ្លៃថ្លា ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃការប្រារព្ធពិធីសច្ចា បញ្ចូលសមាជិកថ្មីលើកទី៣៣ នៃសមាគមកាយឫទ្ធិនារីកម្ពុជានេះ គឺស្របនិងថ្ងៃដ៏មានមហាសិរីមង្គ លាភិរម្យឧត្តុងឧត្តមបំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាកម្លាំងស្ម័គ្រចិត្តរួម ដែលផ្ដល់ឱ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ទាំងជីវិតការងារ និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ កុមារី យុវតី និងសមាជិករបស់សមាគម ត្រូវបានបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំ ធ្វើការងារជាក្រុមក្លាយ ជាធនធានដ៏ល្អ ជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកទាំងអស់ ត្រូវបានជំរុញលើកទឹកចិត្តឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ តាមគោលបំណង បេសកកម្ម និងពាក្យស្លោករបស់សមាគម គឺ “កម្លាំងស្ម័គ្រចិត្ត ដើម្បីកុមារីនិងយុវតីកម្ពុជា”។
លោកជំទាវបានប្រសាសន៍បញ្ជាក់ទៀតថា តាមរយៈលទ្ធផលការងារ ដែលសមាគមកាយឫទ្ធិនារីកម្ពុជាបានប្រឹងប្រែងកន្លងមក ធ្វើអោយមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានទទួស្គាល់ថា សមាគមកាយឫទ្ធិនារីកម្ពុជា ពិតជាបានបំពេញតួនាទីប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ព៌ណសម្បុរ អាយុ ឬភេទ នោះឡើយ ក្នុងន័យនេះ លោកជំទាវអគ្គស្នងការ ចង់សំដៅលើការលើកកម្ពស់ដល់ កុមារី យុវតី និងស្រី្ត ក្នុងការទទួលបានការ អបរ់រំអោយបានកាន់តែខ្ពស់ កាន់តែប្រសើរ។ លោកជំទាវបណ្ឌិតអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានឱ្យថាគិតមកដល់ថ្ងៃនេះ សមាគមកាយឬទ្ធិនារីកម្ពុជា មានសមាជិកសរុបប្រមាណជាង ៨ពាន់នាក់នៅទូទាំងប្រទេស។
សូមរំលឹកថាកម្ពុជា បានបង្កើតក្រុមកាយឫទ្ធិកាលពីឆ្នាំ១៩៤៣ តែមិនទាន់ចូលជាកាយឫទ្ធិ ពិភពលោកនោះទេ ដោយសារសង្គ្រាម ក្រុមកាយឫទ្ធិក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមឆ្នាំ១៩៩៩ ទើបកម្ពុជាបានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ២០០៦ ក៏មានការប្រជុំធំរហូតតដល់ឆ្នាំ២០០៨ កម្ពុជាបានចូលរួមសកម្មភាព កាយឫទ្ធិពិភពលោក។ សមាគមកាយឫទ្ធិនារីកម្ពុជា គឺជាសមាគមក្រៅរដ្ឋាភិបាលមួយដែលមានទិសដៅលើកកម្ពស់ការអប់រំដល់កុមារី និងយុវតីឱ្យក្លាយទៅជាពលរដ្ឋល្អ ទទួលបាននូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គម ដោយបានផ្តល់ឱកាស និងលទ្ធភាព ធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។ លើសពីនេះ យុវតី ដែលជាសមាជិក របស់សមាគម ត្រូវបានបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំ ធ្វើការជាក្រុម ដើម្បីក្លាយជា ធនធានដ៏ល្អជួយអភិវឌ្ឍ ប្រទេសជាតិអោយកាន់តែ មានភាពរីកចម្រើន៕ សេង ណារិទ្ធ