ខេត្តក្រចេះ÷ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំបន្ទាន់ដើម្បីចាត់វិធានការចុះបង្រ្កាបទីតាំងភ្នាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងខេត្ត ឲ្យដូចជាភ្លៀងរលឹម រាប់ទាំងមុខសញ្ញាល្បែងឆ្នោតឡូតូចាក់បង្ហាញតាមទូរទស្សន៍ និងកន្ទុយលេខផងដែរ ។
ឯកឧត្តម អភិបាល បានជម្រុញដល់រដ្ឋបាលក្រុង ស្រុក រួមទាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងបញ្ជាការទាំងអស់ ត្រូវស្រង់បញ្ជីឈ្មោះម្ចាស់អាជីវកម្មតូបកាហ្វេ ហាងគុយទាវ ត្រូវធ្វើការណែនាំដល់គាត់ កុំអោយមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ ដូចជា ជល់មាន់តាមអនឡាញ អោយមានប្រសិទ្ធិភាពបំផុត ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ទាក់ទងទៅនឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចឲ្យខានតែបាន ព្រមទាំងការដោះស្រាយបញ្ហាសំណូមពរ និងទុក្ខកង្វល់របស់ប្រជាពលរឲ្យបានឆាប់រហ័ស ហើយ ត្រូវធ្វើផែនការសកម្មភាពប្រចាំថ្ងៃ ក្នុងការអនុវត្តបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរាយការណ៍ជាប្រចាំជូនប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងដើម្បីស្រុករាយការណ៍ទៅក្រសួងមហាផ្ទៃ។
ឯកឧត្តម បានណែនាំដល់មេបញ្ជាការកងកម្លាំងទាំងបី និង ក្រុង ស្រុកទាំងអស់ ត្រូវរួមគ្នាអនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធភាព ត្រូវធ្វើជាគំរូដែលមានឥរិយាបថល្អដល់ប្រជាពលរដ្ឋ ត្រូវចៀសវាងនូវការប្រព្រឹត្តអំពើមិនគប្បីណាមួយដែលនាំឲ្យប្រជាពលរដ្ឋ មើលបំណាំ និងត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត លើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រជាការពារ ក្នុងការបំពេញកិច្ចការរក្សាសន្តិសុខក្នុងមូលដ្ឋាន ហើយនាំមកនូវសេចក្តីសុខសុភមង្គលជូនប្រជាពលរដ្ឋ និងបញ្ចៀសកុំឱ្យមានចោរឆក់ ចោរប្លន់ ក្នុងសង្គមដោយសារតែល្បែងស៊ីសង ដែលវាមិនបានចំណេញដល់សេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញបាននាំឱ្យប្រជាពលរដ្ឋដែលងប់ងុលនឹងល្បែង ត្រូវលក់គោ លក់ក្របី ផ្ទះសម្បែង និងខាតពេលវេលារកស៊ី ធ្វើអោយបែកបាក់គ្រួសារ និងប៉ះពាល់ដល់អនាគតកូន ដោយសារតែការចាញ់ល្បែងនេះ ៕
គួរបញ្ជាក់ថាការបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទក្នុងខេត្តក្រចេះនាពេលនេះ គឺបន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍ ពាក់ព័ន្ធនឹងការងារសន្តិសុខ វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសកាលពីពេលថ្មីៗនេះ ។ ឡុង កាន់សំនៀង