(ភ្នំពេញ)៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការ ជាតិសម្របសម្រួល កិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានច្រានចោលនូវការបង្ហោះ តាមបណ្តាញសង្គមមួយចំនួន ដែលផ្សាយថា ថៃបានផ្អាកគណនីធនាគារដែលពលករខ្មែរ ប្រើប្រាស់ដោយមិនអនុញ្ញាត ឱ្យផ្ញើប្រាក់ចេញពីធនាគារថៃ មកកាន់ធនាគារស្រុកខ្មែរ និងបានចាត់ទុកថា ការផ្សាយនេះជាព័ត៌មានក្លែងក្លាយ។
ជាមួយនេះ លេខាធិការដ្ឋាន គ.ស.ព.ស ក៏បានអំពាវនាវសូមឱ្យ ពលរដ្ឋឈប់យល់ច្រឡំ និងសូមឈប់ផ្សព្វផ្សាយនិង កុំចែករំលែកព័ត៌មាននេះ ព្រោះការចែកចាយតៗគ្នា ដោយពុំបានផ្ទៀងផ្ទាត់ ច្បាស់លាស់ជាមុនបានបង្កើតជាការបំពុលព័ត៌មាន និងជះផលអវិជ្ជមាន ដល់មតិសាធារណៈទូទៅ ជាពិសេសធ្វើឱ្យមានការ រើសអើងជាតិសាសន៍ ជាមួយប្រទេសជិតខាង៕