ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច៖ ការប្រើអំពើហិង្សាក្នុង គ្រួសារគឺជាទង្វើ ខុសច្បាប់នាំមកនូវ ក្តីវិនាសដល់គ្រួសារ និងសង្គមជាតិ

(ខេត្តកំពត)៖ ថ្នាក់ដឹកនាំក្រសួងអធិការកិច្ច និងអាជ្ញាធរខេត្តកំពត អំពាវនាវដល់គ្រប់ភាគី ឲ្យចូលរួមទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ និងជួយការពារជនរងគ្រោះ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ហើយថាការប្រើអំពើហិង្សា មិនមែនជាមធ្យោបាយ ដោះស្រាយបញ្ហាទេ តែជាទង្វើខុសច្បាប់ នាំមកនូវក្តីវិនាស ព្រាត់ប្រាស គ្មានសុភមង្គល ខាតបង់ប្រយោជន៍គ្រួសារ និងសង្គមជាតិ។

ថ្លែងនៅក្នុង ពិធីផ្សព្វផ្សាយច្បាប់ស្តីពី “ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ” នៅសាលាស្រុកដងទង់ ខេត្តកំពត នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ ក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា បញ្ហាអំពើហិង្សាក្នុងគ្រួសារ ជាក្តីព្រួយបារម្ភរបស់ រាជរដ្ឋាភិបាលទាំងអាណត្តិមុន និងអាណត្តិនេះ ដោយបានយក ចិត្តទុកដាក់ជាអាទិភាពខ្ពស់ ទាំងការអប់រំ បង្ការ ទប់ស្កាត់ និងការចាត់វិធានការផ្សេងៗ រួមទាំងវិធានការច្បាប់ផង។ ដោយឡែកក្រសួងអធិការកិច្ច ក្រោមការ ចង្អុលបង្ហាញណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន  ដោយមានការជួយ សម្របសម្រួលពី មន្ទីរអធិការកិច្ច សហការជាមួយ អាជ្ញាធរខេត្តកំពត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី “ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ” ដ៏មានអត្ថន័យ នៅពេលនេះ។

លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់ថា អំពើហិង្សាក្នុងគ្រួសារ គឺជាអំពើខុសច្បាប់ ដែលសំដៅលើអំពើហិង្សាកើតមានទៅលើប្តី ឬប្រពន្ធ ឬកូនក្នុងបន្ទុក ឬជនទាំងឡាយណា ដែលរស់នៅក្រោមដំបូលផ្ទះ និង បន្ទុកគ្រួសារមួយ។ មូលហេតុភាគច្រើនដែលនាំ ឱ្យកើតមានអំពើហិង្សា ក្នុងគ្រួសាររួមមាន៖ ការមិនយល់ចិត្តគ្នា ការមិនយោគយល់អធ្យាស្រ័យឱ្យគ្នា មិនស្មោះត្រង់នឹងគ្នា ការរើសអើង ការផឹកគ្រឿងស្រវឹង ការប្រព្រឹត្តអំពើខុសច្បាប់ដូចជា សេពគ្រឿងញៀន លេងល្បែងស៊ីសង និងខ្វះការអប់រំជាដើម។ អំពើហិង្សាក្នុងគ្រួសារសារបង្កឱ្យមានការបែកបាក់សាមគ្គី ព្រាត់ប្រាសគ្នា មិនចុះសម្រុងនឹងគ្នា គ្មានសុភមង្គល ខាតបង់ពេលវេលា ទ្រព្យសម្បត្តិ អាប់ឱនកិត្ដិយសកេរ្តិ៍ឈ្មោះគ្រួសារ ហើយកូនៗក៏រងផលប៉ះពាល់ អាចក្លាយជាក្មេងឯកកោ ផ្ដាច់ខ្លួនចេញពីគេឯង ប៉ះពាល់ដល់ការលូតលាស់បញ្ញាស្មារតី និងបាត់បង់ធនធានមនុស្ស ដែលនាំឱ្យរាំងស្ទះដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិផងដែរ។

លោកជំទាវបាន អំពាវនាវប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ សូមចូលរួមទប់ស្កាត់អំពើ ហិង្សាក្នុងគ្រួសារ ហើយការរស់នៅត្រូវចេះគោរពឱ្យតម្លៃគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក ការសម្រេចចិត្តគឺត្រូវជជែកគ្នា អត់ធ្មត់ យោគយល់គ្នា និងសូមចងចាំថាការប្រើអំពើហិង្សា មិនមែនជាមធ្យោបាយ ដោះស្រាយបញ្ហាទេ ផ្ទុយទៅវិញគឺបង្កឱ្យមានរបួស ការឈឺចាប់ គឺវិនាសទាំងសងខាងតែប៉ុណ្ណោះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សេន សាប៊ីល អភិបាលរងខេត្តកំពត ក៏បានថ្លែអំណគុណដល់ ក្រសួង និងមន្ទីរអធិការកិច្ចដែលតែងតែយកចិត្តទុកដាក់ជំរុញការផ្សព្វផ្សាយច្បាប់ផ្សេងៗដែលពាក់ព័ន្ធទៅនឹងក្តីកង្វល់របស់សង្គមក៏ដូចជារាជរដ្ឋាភិបាល ជាពិសេសការប្រើអំពើ ហិង្សាក្នុងគ្រួសារ។ ឯកឧត្តមក៏បានអំពាវនាវដល់សាធារណជន ជាពិសេសភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការ ទប់ស្កាត់អំពើហិង្សា និងការពារជនរងគ្រោះ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីចូលរួមលើកកម្ពស់សន្ដិសុខ សុវត្ថិភាព សុខុមាលភាព សុភមង្គល និងសេចក្តីថ្លៃថ្នូររបស់គ្រួសារ និងសង្គមជាតិខ្មែរទាំងមូល៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *