ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ វាយតម្លៃខ្ពស់ចំពោះការខិតខំរបស់មន្ទីរសុខាភិបាលនិងជំរុញឲ្យមន្ទីរប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់នូវសុខមាលភាពជូនពលរដ្ឋ!

ខេត្តកែបៈ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់មន្ទីរសុខភិបាលនៃរដ្ឋបាលខេត្តកែប  កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥  ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង អនុវត្តតួនាទីភារៈកិច្ចរហូតទទួលបាន សមិទ្ធផលល្អប្រសើរ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប។

ជាមួយការកោតសសើរ ឯកឧត្តមបណ្ឌិត​ សោម ពិសិដ្ឋ ក៏បានជម្រុញឲ្យមន្ទីរ ប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ព្រោះក្នុងវិស័យសុខាភិបាលនេះ ជាតួនាទីដ៏សំខាន់ ជាអាទិភាពក្នុងការអភិវឌ្ឍជាតិ តាមរយៈការផ្តល់នូវសុខមាលភាពជូនប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ។
ឯកឧត្តម​ បញ្ជាក់ថា សមិទ្ធផលដែលមន្ទីរសុខាភិបាល សម្រេចបាននេះ ពិតជាបានរួមចំណែក យ៉ាងសំខាន់ជាមួយក្រសួងស្ថាប័ន និងរដ្ឋបាលខេត្ត ក្នុងការគ្រប់គ្រងនិងដឹកនាំឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានដាក់ចេញគោលការណ៍៩ចំណុចដើម្បីឲ្យមន្ទីរសុខាភិបាល មន្ទីរអង្គភាព វិស័យពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អនុវត្តសំដៅបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដែលរួមមាន៖

១.ត្រូវរួមគ្នាលើកកម្ពស់គុណភាពប្រសិទ្ធភាព និងសុវត្ថិភាពសុខាភិបាល ,២.​ ត្រូវរួមគ្នាអនុវត្តឲ្យមានប្រសិទ្ធភាពនូវការបណ្តុះបណ្តាលបន្ថែម ឲ្យបានគ្រប់ជំនាញដែលមានជាក់ស្តែងនៅមូលដ្ឋាន,៣.ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់បទបញ្ញាតិផ្សេងៗពាក់ព័ន្ធ​ និងការគ្រប់គ្រងការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា,​ ៤.ត្រូវរួមគ្នាជំរុញការប្រើប្រាស់ប្រព័ន្ធគាំពារសុខភាពសង្គម តាមរយៈការបង្កើនវិសាលភាពគ្របដណ្តប់នៃមូលនិធិសមធម៌សុខភាពរបបសនិ្តសុខសង្គម,​ ៥.មន្ទីរសុខាភិបាលត្រូវវិចារណកម្មមុខងាររចនាសម្ព័ន្ធគ្រប់គ្រង និងការសម្របសម្រួលអន្តរមន្ទីរអង្គភាព,​ ៦.មន្ទីរសុខាភិបាលត្រូវអនុវត្តអោយបានហ្មត់ចត់នូវយុទ្ធសាស្រ្តសុខាភិបាល,​ ៧.មន្ទីរសុខាភិបាលត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការស្វែងរកនិងដោះស្រាយអោយបានទាន់ពេលវេលានៅឫសគល់នៃបញ្ហាទាំងអស់,​ ៨.ប្រធានគណៈកម្មការអនាម័យ សុវត្ថិភាពចំណីអាហារខេត្ត ត្រូវដាក់ចេញនៅវិធានការច្បាស់លាស់​ និង​ ទី៩.អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាព​ជុំវិញខេត្ត​ និងវិស័យពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់កិច្ចសហការល្អក្នុងដំណើរការផ្តល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។

លោកឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប មានរបាយការណ៍ថា ក្នុងឆ្នាំ២០២៤នេះអ្នកជំងឺក្រីក្រដែលបានប្រើប្រាស់សេវាសុខភាព ដែលឧបត្ថម្ភគាំទ្រដោយមូលនិធិសមធម៍ រាជរដ្ឋាភិបាលកម្ពុជា ដែលបន្តបង្កើនវិភាជថវិកាជាតិជារៀងរាល់ឆ្នាំ ដល់វិស័យសុខាភិបាលជាកាលានុវត្តភាព សម្រាប់ការលើកស្ទួយការគ្រប់ដណ្តប់នៃសេវា មានចំនួន ៨,២៨១ ករណី និង តាមរយ:យន្តការលើកលែងបង់ថ្លៃ ចំនួន ៣,៣៦២ ករណី និង ការប្រើប្រាស់បេឡាជាតិរបបសន្តិសុខសង្គម( ប.ស.ស) ចំនួន ១៦,៨១៩ ករណី៕ ដោយៈសេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *