ស្ទឹងត្រែង៖ គិតមកដល់ពេលនេះ មានប្រជាជនក្នុងខេត្តស្ទឹងត្រែងចំនួន៣១គ្រួសារហើយ បានស្ម័គ្រចិត្តប្រគល់ដល់ជូនរដ្ឋគ្រប់គ្រងវិញ បន្ទាប់ពីក្រុមអាជ្ញារនៃរដ្ឋបាលព្រៃឈើ បានចុះធ្វើការអប់រំណែនាំ ។នេះបើតាមការឲ្យដឹងពីលោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ និងជាជំនួយការគម្រោងរេដបូកមេគង្គជំហាន១ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ហ៊ុន សំអឿន បានបន្តថា ដើម្បីអនុវត្តគម្រោងរេដបូកមេគង្គជំហានទី១ខេត្តស្ទឹងត្រែងឲ្យបានជោគជ័យ មន្ត្រីរដ្ឋបានព្រៃឈើបានចាប់ផ្តើមចុះណែនាំ អប់រំ ប្រជាជនតាំងពីអំឡុងឆ្នាំ២០២៤ ក្នុងខែឧសភា ជាបន្តបន្ទាប់មកម្លេះ ។ហើយទើបតែទទួលលទ្ធផលបណ្តើរៗនៅដើមឆ្នាំ២០២៥នេះ ដោយប្រជាជនបានយល់ដឹង និងស្ម័គ្រចិត្តធ្វើការប្រគល់ដីព្រៃឈើដែលពួកគាត់កាប់ទន្ទ្រាន ប្រគល់ជូនរដ្ឋគ្រប់គ្រងវិញ ដែលរហូតមកដល់ពេលនេះមានចំនួន៣១គ្រួសារហើយ ស្មើនឹង៨៤,៩១ហិកតា នៅក្នុងខេត្តស្ទឹងត្រែង ហើយក៏នឹងមានការប្រគល់ដីព្រៃជាបន្តបន្ទាប់ទៀតនៅពេលខាងមុខថែមទៀត ។
ប្រភព បន្តថា គម្រោងរេដបូកមេគង្គស្ទឹងត្រែងជំហ៊ានទី១ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមន្ត្រីរដ្ឋបាលព្រៃឈើ បានចាប់ផ្តើមអនុវត្តសកម្មភាពការងារចុះណែនាំ និងអប់រំប្រជាជនមិនឲ្យកាប់ទន្ទ្រានដីព្រៃតាំងពីឆ្នាំ២០២៤មកម៉្លេះ ដើម្បីការពារព្រៃឈើឲ្យគង់វង្សទុកសម្រាប់លក់កាបូននៅឆ្នាំ២០២៧ខាងមុខឲ្យបានជោគជ័យតាមផែនការ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំមួយ ជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្តាប់ការវិវឌ្ឍការងារលើគម្រោងរេដបូកមេគង្គជំហានទី១ និងពិភាក្សាអំពីការរៀបចំគម្រោងឥណទានកាបូន តាមរយៈការស្តារ និងដាំដើមឈើឡើងវិញនៅខេត្តស្ទឹងត្រែង។
ក្រោយកិច្ចប្រជុំប៉ុន្មានថ្ងៃ សរ សុពុត្រា នៅថ្ងៃទី១៩ ខែកុម្ភៈ បានចេញដីកាលេខ០០៨/២៥ដ.ក ស្តីពីការបដិសេធ និងដកហូតដីព្រៃឈើ ក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតនៅភូមិសាស្ត្រឃុំតាឡាត ស្រុកសេសាន នៃខេត្តស្ទឹងត្រែង ។ក្នុងដីកានោះ បានសម្រេចដកហូតដីព្រៃឈើ២កន្លែង មានផ្ទៃដីចំនួន១១៩,២៤ហិកតា រួមនឹងដំណាំនៅលើផ្ទៃដីខាងលើទាំងអស់ យកមកគ្រប់គ្រងដោយរដ្ឋវិញ។
ទន្ទឹមនេះ ដើម្បីចៀសវាងការកាប់ទន្ទ្រានដីព្រៃរដ្ឋយកធ្វើជាកម្មសិទ្ធិដោយអនាធិបតេយ្យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្កើតគណៈកម្មការជាតិមួយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ធ្វើការផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅចំណុចអូរសេវ ក្នុងឃុំសាមឃួយ ស្រុកសេសាន ដែលជំហានទី១គ្រោងចែកដីជូនប្រជាជនក្រីក្រចំនួន៥០០គ្រួសារ ក្នុង១គ្រួសារទទួលបានដីទំហំ៣ហិកតា រួមទាំងដីលំនៅឋាន និងដីកសិកម្ម ។ដោយពលរដ្ឋក្រីក្រទាំងនោះ អាចដាក់ពាក្យស្នើសុំដី តាមរយៈភូមិ ឃុំ ដែលខ្លួនកំពុងរស់នៅបច្ចុប្បន្ន៕BY:SAMNEANG