ខេត្តកំពត: បណ្ណកម្មសិទ្ធជាង១ពាន់បណ្ណ ត្រូវបានឯកឧត្តមអភិបាលខេត្តកំពត ចែកជូនប្រជាពលរដ្ឋឃុំកំពង់ក្រែង ស្រុកទឹកឈូ ខណៈដែលអាជ្ញាធរ និងមន្ត្រីមន្ទីរជំនាញ បាននិងកំពុងមមាញឹកក្នុងការវាស់វែង ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្ត ឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៥នេះ។ ប្រជាពលរដ្ឋមានសេចក្តីត្រេកអរយ៉ាងខ្លាំង ព្រោះយល់ថាបណ្ណកម្មសិទ្ធិនឹងជួយឲ្យពួកគេ អាចប្រើប្រាស់ដីអស់សក្តានុពល។
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលៈវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិព្រៃត្នោត ឃុំកំពង់ក្រែង និងភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ។
មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងមនសិកាស្នេហាជាតិមាតុភូមិ និងការស្រលាញ់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី និងបានជំរុញការងារចុះបញ្ជីដីធ្លីនិងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ជាក់ស្តែងថ្ងៃនេះ អាជ្ញាធរខេត្ត រួមនិងមន្ទីរជំនាញបានរៀបចំធ្វើពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលៈវត្ថុជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដីស្ថិតក្នុង ភូមិដូនស៊យ ឃុំថ្មី និងភូមិព្រៃត្នោត ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដែលមានក្បាលដីសរុបចំនួន ១ ០១៥ក្បាលដីស្មើនឹង ៦៤៩គ្រួសារ និងប្រកាស់បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ដែលនេះបានបង្ហាញ ឱ្យឃើញពីការគិតគូរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមអភិបាលខេត្តបានស្នើដល់ពលរដ្ឋពេលបានបណ្ណនេះហើយ ត្រូវរក្សាទុកឲ្យបានល្អ ពិសេសត្រូវខិតខំប្រើប្រាស់ដីធ្លីរបស់ខ្លួនឲ្យអស់សក្តានុពល ដើម្បីជួយលើកកម្ពស់ជីវភាពគ្រួសារ។
ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ បានបង្ហាញសេចក្តីត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតដែលបានជំរុញដល់ការងារចេញបណ្ណជូនពួកគាត់។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតលោក ព្រាប សុផាត បានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការដឹកនាំគាំទ្រចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ម៉ៅ ធនិន អភិបាល ខេត្តកំពត ក្រុមការងារចុះបញ្ជីដីធ្លីរបស់មន្ទីរបានពន្លឿនការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យបានទាន់ពេលវេលា និងស្របតាមផែនការដែលបានគ្រោងទុក ដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន៕ សេង ណារិទ្ធ