(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៖ «ឆ្លៀតឱកាសចុះជួបសំណេះ សំណាលជាមួយ ប្រជាសហគមន៍ និងពិនិត្យវឌ្ឍនភាពនៃ ការរៀបចំសហគមន៍កសិកម្ម ទំនើបប្រាសាទសំបូររុងរឿង ដែលផ្តោតលើដំណាំស្វាយចន្ទី ស្ថិតនៅក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃ៣១ ខែមករា ឆ្នាំ២០២៥។
សហគមន៍កសិកម្ម ទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ ទំនើបទាំង៣ (សហគមន៍កសិកម្ម ទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្ម ទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណ ផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន។
សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រ ក្នុងការលក់គ្រាប់ស្វាយចន្ទីសើម ៧០% និងគ្រាប់ស្វាយចន្ទីស្ងួត ៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្ម កសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥%។
បន្ថែមពីនេះ ក៏សូមវាយតម្លៃខ្ពស់ដល់ ការជួយសម្របសម្រួល និងជ្រោមជ្រែងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីគោល នយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងគោលដៅប្រែក្លាយ ការធ្វើកសិកម្មបែបគ្រួសារ ឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាព ប្រកួតប្រជែងទាំងបរិមាណ និងគុណភាព ។ បន្ថែមពីនេះទៀត ការចងក្រងជា សហគមន៍កសិកម្មទំនើប ប្រជាកសិករ ក៏អាចទទួលបាននូវ យន្តការគាំទ្រចំនួនពីរ ដូចជា៖ ១/. ក្រុមប្រឹក្សាគោល នយោបាយសហគមន៍កសិកម្ម និងទី២/. មូលនិធិអភិវឌ្ឍសហគមន៍កសិកម្ម។
ជាលទ្ធផលដ៏វិជ្ជមានមួយក្នុង ការកែប្រែការធ្វើ កសិកម្មបែបគ្រួសារ មកក្លាយជាសហគ្រាស សេដ្ឋកិច្ចកសិកម្មរឹងមាំ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានរៀបចំបង្កើតជាសហគមន៍កសិកម្មទំនើបបានចំនួន ៩ មានដូចជា៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ, បន្លែសរសី, ទំរឹងកំពង់ធំ, ប្រាសាទសំបូររុងរឿង, កំពង់ធំសាលាវិស័យ, បន្លែផ្ទះសំណាញ់ត្រាំកក់, ស្រូវផ្ការំដួលខ្នារឆ្មារ, បន្លែកោះខ្សាច់ទន្លេ និង សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ព្រមទាំងកំពុងសម្របសម្រួល និងជ្រោមជ្រែងក្នុងការបង្កើតសហគមន៍ថ្មីមួយទៀតក្នុងស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ដែលនឹងលេចជារូបរាងឆាប់ៗនាពេលខាងមុខ ហើយសហគមន៍ថ្មីនេះ គឺផ្តោតលើការដាំស្រូវសែនក្រអូប០១ ដែលជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា»៕