មន្ត្រីក្រសួងធម្មតាអះអាងថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យ នៅខេត្តកែបរៀបចំបានល្អ

(ខេត្តកែប)៖ ការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ឆ្នាំសិក្សា២០២៤-២០២៥ បានរៀបចំឡើងនៅ វត្តកំពង់ត្រឡាច ខេត្តកែប ក្នុងនោះ ដំណើការកាត់ស្រោមវិញ្ញាសា និងដំណើរការរៀប ចំការប្រឡងទាំងមូល ប្រព្រឹត្តិទៅបានរលូន។ នេះជាការគូសបញ្ជាក់ ពីប្រធានគណៈប្រតិភូ របស់ក្រសួងធម្មការ និងសាសនា។ ដោយឡែក ចំពោះលទ្ធផលព្រាងទុកចំនួនសាមណសិស្ស នឹងទទួលបានលទ្ធផលជាប់ខ្ពស់, នេះបើតាមការរំពឹងទុក របស់ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកែប។

សម្រាប់ការកាត់ស្រោមវិញ្ញាសាប្រឡង ទទួលបានការនិមន្តចូលរួមពីសំណាក់ ព្រះឧត្តមធម្មវេទី តេន រ៉េម ព្រះមេគណខេត្ត និង លោក ប៊ុន យោង អភិបាលរងខេត្តកែប តំណាងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលរងខេត្តកែប កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

លោក មៀច អែម ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកែប បានឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រឡងកាន់តែរៀបចំតឹងរឹងជាងមុន ស្របតាមពាក្សស្លោក ចេះគឺជាប់។ កន្លងទៅនេះ ក៏ឃើញថា សាមណសិស្សបានខិតខំប្រឹងប្រែងរៀនសូត្រខ្លាំងណាស់ដែរ ដែលនេះជាក្តីរំពឹង សម្រាប់ការប្រឡងវិញ្ញាបនបត្រធម្មវិន័យឆ្នាំនេះ នៅក្នុងខេត្តកែប រំពឹងខ្ពស់នឹងទទួលបានលទ្ធផលល្អប្រសើរ។

លោក ហេង រតនៈ ប្រធានគណៈប្រតិភូ របស់ក្រសួងធម្មការ និងសាសនា ទទួលបន្ទុកត្រួតពិនិត្យដំណើការប្រឡងនៅខេត្តកែប បានឱ្យដឹងដែរថា ជារួមសម្រាប់ដំណើរការប្រឡងនៅខេត្តកែប រៀបចំបានល្អ ស្របទៅតាមការណែនាំរបស់ក្រសួង រាប់តាំងពីការការគ្រប់គ្រងពេលវេលា ទីតាំងប្រឡងមណ្ឌលប្រឡង និងរបៀបរៀបរយក្នុងបន្ទប់ប្រឡងជាដើម។

គួរបញ្ជាក់ថា ដំណើរការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ថ្នាក់ទោ ថ្នាក់ឯក ប្រចាំឆ្នាំសិក្សា២០២៤ ២០២៥ នៅខេត្តកែបបានធ្វើឡើងនៅវត្តកំពង់ត្រឡាច ដំណើរការប្រឡងធ្វើឡើងលើ៤វិញ្ញាសា រួមមានប្រជុំកងធម៌ ពុទ្ធប្បវត្តិ ព្រះវិន័យ សាសនសុភាសិត ក្នុងនោះមានសមណសិស្ស បាននិមន្តមកដាក់ពាក្យប្រឡង ៩២អង្គនាក់៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *